អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់ បង្ហាញសុទិដ្ឋិនិយម ក្នុងការប្រជែងកៅអីក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup
(ភ្នំពេញ)៖ លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានបង្ហាញសុទិដ្ឋិនិយម ចំពោះក្រុមកីឡាករជម្រើសជាតិកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ ដើម្បីប្រជែងកៅអីក្រុម៣ នៃព្រឹត្តិការណ៍ Davis Cup 2023។
ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អក្នុងវគ្គជម្រុះពូល A នៃការប្រកួត Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០២២ នៅប្រទេសបារ៉ែន ដោយដណ្ដើមបានជ័យជម្នះ ៣ប្រកួតផ្ទួនៗ ដើម្បីឈរកំពូលតារាង និងឡើងវគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវជួបជាមួយក្រុមកំពូលតារាងពូល B គឺក្រុមជម្រើសជាតិសិង្ហបុរី នាថ្ងៃទី២២ ខែតុលាស្អែកនេះ។
ក្នុងចំណោម ៣ប្រកួតដែលកម្ពុជាបានយកឈ្នះប៊ូតាន ៣-០, ឈ្នះម៉ុងហ្គោលី ៣-០ និងចុងក្រោយឈ្នះទួកមេនីស្ថាន ២-១ លោកបានសម្ដែងការចាប់អារម្មណការប្រកួតចុងក្រោយជាងគេ ដ្បិតជាជំនួបដ៏តានតឹង បន្ទាប់ពីកម្ពុជា ចាញ់ ១ និងឈ្នះ ២។ យ៉ាងណាក្ដី ក្នុងនាមអគ្គលេខាធិការសហព័ន្ធ លោកមានជំនឿចិត្តលើកូនក្រុម សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដោយសារការពង្រឹងស្មារតីបានយ៉ាងល្អ ក្នុងបេសកកម្មនេះ ដែលជាគោលដៅមួយដ៏សំខាន់ ត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។
លោក ទេព រិទ្ធីវិទ្ធ បានគូបញ្ជាក់ថា «គោលបំណង ដែលខ្ញុំបានដឹកនាំគណៈប្រតិភូរបស់យើង ពិសេសកីឡាកររបស់យើងទាំងអស់មកទីនេះ (បារ៉ែន) គឺស្ថិតក្នុងផែនការមួយ ដែលយើងត្រៀមការពិសោធន៍ និងសាកល្បង នៅក្នុងការប្រកួតវាយកូនបាល់ ក្នុងស្មារតីដែលយើងត្រៀមចំពោះស៊ីហ្គេម ឆ្នាំ២០២៣។ ខ្ញុំយល់ឃើញថា កីឡាកររបស់យើងមានកម្រិតខ្ពស់ និងគ្រប់គ្រាន់ ហើយនឹងព្យាយាមបន្ថែមទៀត ដើម្បីដណ្ដើមមេដាយនៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»។
អគ្គលេខាធិការសហព័ន្ធដដែល បានសង្កត់ធ្ងន់ថា «ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំ ចំពោះការប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃសៅរ៍នេះ ដោយសារស្មារតីរបស់កីឡាករយើងទាំងអស់ គឺមាំមួនល្អមែនទែន ហើយកីឡាករយើងគ្រប់រូប គឺមានទិសដៅតែមួយ គឺមកទីនេះ ដើម្បីតំណាងប្រទេសជាតិ ហើយក៏ដើម្បីត្រៀមដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ»។
គួរដឹងថា មុនជួបកម្ពុជា នៅវគ្គផ្ដាច់ព្រ័ត្រ សិង្ហបុរី ក៏ធ្វើបានយ៉ាងល្អ សម្រាប់ការប្រកួតក្នុងពូល B ដែរ ដោយបានយកឈ្នះគូប្រកួតក្នុងលទ្ធផល ៣-០ ចំនួន ៣ប្រកួតជាប់គ្នា លើម្ចាស់ផ្ទះបារ៉ែន គុយវ៉ែត ឡាវ មុនប្រកួតបញ្ចប់ពូលជាមួយកោះហ្គាំ នៅល្ងាចថ្ងៃសុក្រនេះ។ ដូច្នេះការប្រកួតថ្ងៃស្អែក រវាងកម្ពុជា និងសិង្ហបុរី ក្រុមដែលទទួលបានជ័យជម្នះ នឹងទទួលបានកៅអីក្រុម៣ នៃពានរង្វាន់លំដាប់ពិភពលោកនេះ។ បេសកកម្មរបស់ក្រុមកីឡាវាយកូនបាល់កម្ពុជានេះ គឺមានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិ CAMSOC និងក្រុមហ៊ុនមួយចំនួនផងដែរ៕







