ទិវាស្បៀងអាហារពិភពលោក៖ ក្រសួងកសិកម្ម និងអង្គការដៃគូ អំពាវនាវឲ្យមានការវិនិយោគ លើការអភិវឌ្ឍប្រព័ន្ធស្បៀង ដើម្បីលើកកម្ពស់ភាពធន់នឹងវិបត្តិនានា
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) និងកម្មវិធីស្បៀងអាហារពិភពលោក (WFP) បានប្រារព្ធទិវាស្បៀងអាហារពិភពលោក ដោយអំពាវនាវឲ្យមានការវិនិយោគថែមទៀត លើការពង្រឹងប្រព័ន្ធស្បៀង ដើម្បីធានាបាននូវសន្តិ សុខស្បៀង អាហារូបត្ថម្ភ និងដើម្បីទប់ទល់នឹងវិបត្តិនានា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរួម ដែលបណ្ដាញព័ត៌មាន Cpns News ទទួលបាននៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
ការកើនឡើងនៃតម្លៃស្បៀងអាហារ ថ្លៃដឹកជញ្ជូន ការរំខានផ្សេងៗដែលបណ្តាលមកពីជំងឺរាតត្បាតកូវីត-១៩ ជម្លោះនានាដែលកំពុងកើតឡើង រួមទាំងសង្គ្រាមនៅអ៊ុយក្រែន និងការកើនឡើង នៃគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួត កំពុងជំរុញឱ្យមានការកើនឡើងនូវ អសន្តិសុខស្បៀង និងអាហារូបត្ថម្ភ។ អ្នកដែលរងគ្រោះខ្លាំងជាងគេ គឺប្រជាជានដែលងាយរងគ្រោះ និងប្រជាជនដែលពឹងផ្អែកលើកសិកម្មជារបរចិញ្ចឹមជីវិត។
នៅទូទាំងពិភពលោក កសិករបានព្យាយាមទូទាត់ថ្លៃចំណាយលើធាតុចូលដែលកើនឡើងខ្ពស់ក្នុងឆ្នាំនេះ ដោយការកាត់បន្ថយបរិមាណដាំដុះ និងកាត់បន្ថយការប្រើប្រាស់ជី ដែលជាកត្តានាំ ឲ្យប៉ះពាល់ដល់ទិន្នផល។ ពួកគេក៏កំពុងតែជួបបញ្ហាជាមួយតម្លៃចំណីសត្វឡើងខ្ពស់ ដែលនាំឲ្យមានការពិបាកក្នុងការទ្រទ្រង់ផលិតកម្មបសុសត្វផងដែរ។ ប្រទេសកំពុងអភិវឌ្ឍន៍ រមែងមានហានិភ័យខ្ពស់ ដូចជាផលិតកម្មរបស់ពួកគេត្រូវធ្លាក់ចុះ ដោយសារកសិករមាន ដែលកើនឡើងក្នុងអត្រាលឿនជាងតម្លៃធនធានហិរញ្ញវត្ថុតិចតួចជាងមុនក្នុងការចំណាយលើធាតុចូលកសិកម្មផលិតផលដែលពួកគេផលិតបាន។
លោក អែនតូនីញ៉ូ ស៊្យែវ៉ន តំណាងស្ដីទីនៃអង្គការ FAO ប្រចាំកម្ពុជា បានពន្យល់ថា៖ «ដោយសារតែប្រព័ន្ធស្បៀង ត្រូវបានផ្សារភ្ជាប់ទៅនឹងវិស័យផ្សេងៗទៀតជាច្រើននៃជីវិត និងសេដ្ឋកិច្ចរបស់យើង រាប់បញ្ចូលទាំង កសិកម្មធនធានធម្មជាតិ ថាមពល រហូតដល់សុខភាព ដូច្នេះហើយ ប្រព័ន្ធស្បៀងពិតជាមានសក្តានុពល និងជាមធ្យោបាយ សម្រាប់អនាគតប្រកបដោយសមភាព និងវិបុលភាព។ ប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព នឹងផ្តល់អត្ថប្រយោជន៍ ដល់មនុស្សគ្រប់ៗរូប រួមទាំងប្រជាជនដែលងាយរងគ្រោះបំផុត»។
យោងតាមរបាយការណ៍បច្ចុប្បន្នភាពទីផ្សាររបស់ WFP នាពេលថ្មីៗនេះ តម្លៃអង្ករដែលជាមូលដ្ឋានគ្រឹះនៃរបបអាហារនៅកម្ពុជាគឺនៅថេរ។ ទោះជាយ៉ាងណាក៏ដោយ តម្លៃអាហារសំបូរជីវជាតិ ដែលប្រជាជននិយមបរិភោគដូចជាពងទា បន្លែ និងត្រកួនបានកើនឡើង ២០.៨ ភាគរយ និង ៣០.៧ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ចំណែកតម្លៃអាហារនាំចូលក៏កើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។
តម្លៃប្រេងឆាបានកើនឡើង ៣៩.៧ ភាគរយនៅក្នុងខែឧសភា ឆ្នាំនេះ បើធៀបនឹងខែឧសភា ឆ្នាំមុន – ជាមួយនឹងការកើនឡើងតម្លៃខ្លាំងរហូតដល់ ១៣.៥ ភាគរយក្នុងកំឡុងពេល តែ២ខែប៉ុណ្ណោះ។ ដោយឡែក ផលិតកម្មស្រូវត្រូវបានគេរំពឹងថានឹងអាចផលិតបានក្នុងកម្រិតលើសពីមធ្យម ដែលមានន័យថា កម្ពុជានឹងមិនប្រឈមនឹងកង្វះខាតស្បៀងធ្ងន់ធ្ងរនោះទេ។ ទោះយ៉ាងណាក៏ដោយ កង្វះអាហារ ចំណីសត្វ ឥន្ធនៈ ជី និងហិរញ្ញវត្ថុ (វិបត្តិ ប្រាំ’Fs’) កំពុងបង្កការគំរាមកំហែងថ្មីទៀតដល់ប្រព័ន្ធស្បៀង៕













