គ្រូបង្វឹកបាល់ទាត់ជម្រើសជាតិនារីអង់គ្លេស Wiegman បដិសេធព្រមព្រៀងកិច្ចសន្យាថ្មី
(ឡុងដ៍)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសផ្នែកនារី លោកស្រី Sarina Wiegman បានបដិសេធលើការចុះផ្សាយថា បានព្រមព្រៀងចុះកិច្ចសន្យាថ្មី ប៉ុន្តែលោកស្រីបានលើកឡើងថា មានអារម្មណ៍រីករាយជាមួយនឹងកិច្ចសន្យាបច្ចុប្បន្នរបស់នាង ដែលនឹងបន្តរហូតដល់ឆ្នាំ២០២៥។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។
ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា Wiegman ដែលបានដឹកនាំអង់គ្លេស ដណ្តើមបានពានរង្វាន់ធំដំបូងបង្អស់របស់ពួកគេ នៅឯព្រឹត្តិការណ៍ European Championship កាលពីខែកក្កដានោះ បានព្រមព្រៀងលើកិច្ចសន្យាថ្មីដែលនឹងកាន់តួនាទីរហូតដល់ឆ្នាំ២០២៧។
«ខ្ញុំមានកិច្ចសន្យារហូតដល់ឆ្នាំ២០២៥ រួចទៅហើយ ហើយយើងមានការសន្ទនាល្អជាមួយគ្នា»។ នេះបើតាមសម្តីលោកស្រី Wiegman បានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃចន្ទ មួយថ្ងៃមុនពេលការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិរបស់អង់គ្លេស ជាមួយសាធារណរដ្ឋឆែក នៅទីក្រុង Brighton។
អង់គ្លេស ដែលស្ថិតក្នុងទី៤ លើពិភពលោកនោះ រកបានកៅអីរួចរាល់ហើយ សម្រាប់ការប្រកួត World Cup ផ្នែកនារី នៅឆ្នាំក្រោយ នាប្រទេសអូស្ត្រាលី និងណូវែលសេឡង់៕




