ពៅ បញ្ញាពេជ្រ អាចដើរហើរដូចពីមុនវិញគ្រាន់តែជាក្ដីសុបិន
រាជធានីភ្នំពេញ ៖ អស់រយៈពេល១៤ឆ្នាំហើយ ដែលតារាចម្រៀងល្បីឈ្មោះ ពៅ បញ្ញាពេជ្រ ត្រូវអង្គុយលើរទេះរុញក្រោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់ប្រហារទៅលើរូបនាងយ៉ាងសាហាវបំផុត កាលពីកំឡុងឆ្នាំ ២០០៧ ។
បើទោះជាយ៉ាងណា ពៅ បញ្ញាពេជ្រ ពុំដែលបង្ហាញក្ដីអស់សង្ឃឹមនៃការតស៊ូជាមួយនឹងព្រហ្មលិខិតដែលកំណត់ឱ្យរូបនេះក្លាយជាបែបនេះនោះឡើយ។ បុន្តែតារាស្រីល្បីឈ្មោះ និងមានរូបសម្រស់ស្រស់ស្អាត ពៅ បញ្ញាពេជ្រ តែងតែព្យាយាមជម្នះរាល់រឿងរ៉ាវក្នុងជីវិត និងព្យាយាមព្យាបាលជំងឺរបស់ខ្លួនជាបន្តបន្ទាប់ បើទោះជាលទ្ធផលហាក់មិនទាន់ទទួលបានផ្លែផ្កា ។
ជាងនេះទៅទៀត ទោះស្ថិតក្នុងសភាពមិនអាចដើរហើរមានសេរីភាពបាន ប៉ុន្តែនាងមិនដែលគិតថានឹងបោះបង់ខ្លួននាងនោះទេ ដោយបច្ចុប្បន្នតារាចម្រៀងដែលធ្លាប់ទទួលបានប្រជាប្រិយភាពកញ្ញា ពៅ បញ្ញពេជ្រ បានប្រើរបរលក់អនឡាញដើម្បីចិញ្ចឹមជីវិត និងគ្រាន់ទិញថ្នាំសង្កូវព្យាបាលជំងឺ ។ ហើយនាងក៏មិនដែលគិតចង់បានអ្វីឱ្យច្រើនលើសលុប ឬទ្រព្យសម្បត្តិមហាសាលអ្វីឡើយ ពោលគឺសុំត្រឹមមានសុខភាពដល់ចាស់ទុំជ្រុះ គឺជាការរីករាយបំផុតសម្រាប់នាង ។

ដោយនៅថ្មីៗនេះ នាងបានសរសេររៀបរាប់ជាច្រើននៅលើបណ្ដាញសង្គមថា៖ ( នាងខ្ញុំដឹងខ្លួនឯងច្បាស់ថា យើងត្រូវតែប្រឹងប្រែងតាមអ្វីដែលយើងអាចធ្វើបានតាមកំលាំងកាយ នឹងកំលាំងចិត្តរកលុយពិបាកណាស់ គ្មានទេពាក្យថាប្រកួតប្រជែងជាមួយនឹងបងប្អូនណាឡើយ ដល់ដំណាក់កាលនេះហើយ សភាពបែបនេះហើយ សុំតែសុខភាពល្អ ដល់ចាស់ទុំជ្រុះចុះ បងប្អូនជឿ រឺមិនជឿថា គ្រប់យ៉ាងមើលមិនឃើញ ) ។
គួរបញ្ជាក់ថា កញ្ញា ពៅ បញ្ញាពេជ្រ ធ្លាប់ប្រាប់ពីគោលបំណងចម្បងមួយក្នុងជីវិតរបស់ខ្លួន ពោលគឺនាងចង់ឱ្យជំងឺបានជាសះស្បើយ និងអាចដើរហើរដូចពីមុនវិញ។ ទោះបីជាយ៉ាងណា នាងបានអះអាងថា គ្រាន់តែជាក្ដីសុបិន្ដតែប៉ុណ្ណោះ ការពិតមិនអាចទៅរួចឡើយ។ ព្រោះអស់រយៈពេលជិត១៥ឆ្នាំហើយ ដែលនាងបានខិតខំស្វះស្វែងព្យាបាលជំងឺរបស់ខ្លួន ប៉ុន្តែមិនទទួលផ្លែផ្កា ។
សូមរំលឹកថា តារាចម្រៀង ពៅ បញ្ញាពេជ្រ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបាញ់ប្រហារទៅលើរូបនាងយ៉ាងសាហាវព្រៃផ្សៃកាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ បណ្ដាលឱ្យនាងធ្លាក់ខ្លួនពិការរហូតដល់ពេលបច្ចុប្បន្ន ៕






