ប្រមុខកីឡាវាយសី ជំរុញការចម្រាញ់កីឡាករចេញពីសាលា ដើម្បីក្លាយជាធនធានបន្ដវេនដ៏ល្អ

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានជំរុញឲ្យមានការចម្រាញ់កីឡាករ-កីឡាការិនីចេញពីគ្រឹះស្ថាននានា ដើម្បីក្លាយជាធនធានបន្ដវេនដ៏ល្អ សម្រាប់វិស័យកីឡាវាយសីកម្ពុជានាថ្ងៃអនាគត។

នេះបើតាមការលើកឡើងក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញកីឡាវាយសីកម្រិតបឋម ឆ្នាំ២០២២ ដែលមានសិក្ខាកាមចូលរួមសរុប ៣១នាក់ មកពីបណ្ដាក្លិបសមាជិកសហព័ន្ធ និងគ្រូអប់រំកាយ និងកីឡា មកពីបណ្ដាគ្រឹះស្ថានសិក្សាចំនួន៧ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ម្សិលមិញ។
ប្រមុខសហព័ន្ធខាងលើបានបញ្ជាក់ថា គោលដៅសំខាន់ នៃការរៀបចំវគ្គនេះ ព្រោះសហព័ន្ធចង់ចែករំលែកបទពិសោធន៍ពីជំនាញកីឡាវាយសីកម្រិតអន្ដរជាតិ ដល់គ្រូបង្វឹកជាគ្រូអប់កាយ និងកីឡាកម្ពុជា ឲ្យបានជ្រួតជ្រាបកាន់តែស៊ីជម្រៅ និងបណ្ដុះចំណង់លេងកីឡាវាយសីដល់សិស្សានុសិស្ស។
លោកបន្ដថា «យើងចង់រកប្រភពពីបណ្ដាសាលា ព្រោះមានតែសាលាទេ ដែលមានមនុស្សចម្រុះជំនាញ ទាំងចំណេះដឹងទូទៅ ឬចំណេះដឹងជំនាញផ្សេងៗ ក្នុងនោះកីឡាក៏រើសចេញពីហ្នឹងដែរ។ អ៊ីចឹងយើងចាប់ផ្ដើមវគ្គនេះ អ្នកដែលមានជំនាញរួចហើយ កំពុងអនុវត្តន៍រាល់ថ្ងៃជាកីឡាករ-កីឡាការិនីជម្រើសជាតិ ហើយចេញទៅប្រកួតក្រៅប្រទេស គឺជារឿងមួយទៅមុខហើយ តែយើងចង់បានអ្នកបន្ដវេនចេញពីប្រភពស្អាតតែម្ដង គឺរើសចេញពីសាលា»។
«ដើម្បីរើសបានអ្នកបន្ដវេនដ៏ល្អ ទាល់តែគេយល់ពីកីឡាហ្នឹងដែរ។ បើគេស្រលាញ់ គេស្ម័គ្រចិត្តចូល អាហ្នឹងទើបយើងបានមកដោយស្ម័គ្រចិត្តចេញពីបេះដូង ហើយអ្នកខ្លះចាប់បង្ខំ តែអត់មានជំនាញ ក៏លេងអត់កើត។ ហេតុនេះយើងចង់បានប្រភពស្អាតចេញពីសាលា។ អ៊ីចឹងកាលណាយើងបណ្ដុះបណ្ដាលគ្រូឲ្យបានយល់ហើយ គាត់ទៅផ្សព្វផ្សាយ ទោះបីគាត់ទៅសាលា ឬទៅកន្លែងផ្សេងទៀត គាត់អាចជួយបង្ហាត់បង្រៀនបានដែរ»។ លោក លី កុសល បន្ថែម។
ដូចគ្នានោះដែរលោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលជំនាញកីឡាវាយសីកម្រិតបឋម ដែលរៀបចំដោយសហព័ន្ធ សហការជាមួយសហព័ន្ធកីឡាវាយសីអាស៊ី (BA) និងសហព័ន្ធកីឡាវាយសីពិភពលោក (BWF) នេះ គឺមានរយៈពេល ៤ថ្ងៃ ពីថ្ងៃទី១៨-២១ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបង្ហាត់បង្រៀនដោយជំនាញការហ្វឹកហ្វឺនជាន់ខ្ពស់របស់ BA គឺលោក Sambenthan Sivaperumal៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram