គណបក្សរបស់នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បាត់បង់ការនាំមុខនៅក្នុងការស្ទង់មតិ បន្ទាប់ ពីមានការលាតត្រដាងជុំវិញការបំពានវិធានការសុខាភិបាលរបស់បក្សកាលពីឆ្នាំមុន

(ឡុងដ៍)៖ គណបក្សអភិរក្សនិយមរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កំពុងបាត់បង់ការនាំមុខនៅក្នុងការស្ទង់មតិជាមួយគណបក្សពលករ ដែលជាគណបក្សប្រឆាំង បន្ទាប់ពីមានការលាតត្រដាងអំពីការចោទប្រកាន់ថា ពិធីជប់លៀងបុណ្យណូអែល ត្រូវបានធ្វើឡើងនៅវិមានរបស់លោក កាលពីឆ្នាំមុន ដែលពេលនោះទីក្រុងឡុងដ៍ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមវិធានការរឹតត្បឹតយ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១០ ខែធ្នូ ឆ្នាំ២០២១។


ការស្ទង់មតិ ដែលធ្វើឡើងដោយវិទ្យាស្ថាន YouGov បានបង្ហាញថា គណបក្សអភិរក្សនិយមរបស់លោក Boris Johnson បានបាត់បង់ការនាំមុខរបស់ពួកគេនៅក្នុងការស្ទង់មតិ ដោយទទួលបានសំឡេងគាំទ្រត្រឹមតែ ៣៣% ប៉ុណ្ណោះ ដែលធ្លាក់ចុះ ៣% ខណៈគណបក្សការងារ ទទួលបានសំឡេងគាំទ្ររហូតដល់ ៣៧% ដែលកើនឡើង ៤%។
បើតាមកាសែតអង់គ្លេស The Times មនុស្សបីភាគបួនជឿថា ពិធីជប់លៀងបុណ្យណូអែល ពិតជាត្រូវបានធ្វើឡើងមែន នៅវិមានរដ្ឋាភិបាលអង់គ្លេស ដោននីង ស្រ្ទីទ (Downing Street) ដែលពេលនោះ ទីក្រុងឡុងដ៍ត្រូវបានដាក់ឱ្យស្ថិត នៅក្រោមវិធានការរឹតត្បឹតកម្រិតទី៣ ដែលហាមឃាត់ការជួបជុំនៅទីកន្លែងបិទជិត ដោយប្រជាជនអង់គ្លេស មិនអាចជួបជុំសាច់ញាតិ សម្រាប់រដូវបុណ្យណូអែលបានឡើយ ដែលនេះបង្ហាញពីការមើលស្រាលច្បាប់។ រីឯ ៦៨ភាគរយទៀតនៃអ្នកដែលត្រូវបានស្ទង់មតិជឿថា លោក Boris Johnson មិននិយាយការពិតទេ ខណៈដែលលោកបានបដិសេធចំពោះការចោទប្រកាន់ខាងលើនេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram