លោកឧត្តមសេនីយ៍ត្រីស្នងការខេត្តកណ្ដាលចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូខុសឃាត់មនុស្សម្នាក់ និងម៉ូតូជាង២០គ្រឿង នៅស្រុកខ្សាច់កណ្ដាល…
ខេត្តកណ្តាល៖ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០នេះ បានដឹកនាំកងកម្លាំងចម្រុះកងអន្តរាគមន៍ខេត្ត ដោយមានការសម្របសម្រួលពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល ចុះបង្ក្រាបករណីម្ចាស់ផ្ទះលួចបើកទីតាំងទទួលបញ្ចាំគ្មានច្បាប់អនុញ្ញាត ស្ថិតនៅភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល។

ម្ចាស់ទីតាំងខុសច្បាប់នោះឈ្មោះ គឹម ឡេងសល់ ភេទប្រុសមុខរបរទទួលបញ្ចាំម៉ូតូ និងប្រពន្ធឈ្មោះ វ៉ា ថារី ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅ ភូមិស្វាយមាស ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការនោះ មានការចូលរួមពីលោកឧត្ដមសេនីយ៍ត្រីស្នងការរង,លោកវរសេនីយ៍ឯកនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល,លោកវរសេនីយ៍ឯកអធិការនគរបាលស្រុកខ្សាច់កណ្តាល,អធិការរង,លោកមេភូមិស្វាយមាស។
បើតាមប្រពន្ធម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូឈ្មោះ វ៉ា ថារី បានប្រាប់ឲ្យសារព័ត៌មានដឹងថា គ្រួសាររបស់បានរកស៊ីទទួលបញ្ចាំម៉ូតូជាងមួយឆ្នាំមកហើយ មិនដែលមានច្បាប់អនុញ្ញាតពីខាងស្ថាប័នណាទេ ព្រោះខ្លួនមិនចេះច្បាប់។

តាមប្រភពពីសមត្ថកិច្ចបានបង្ហើបឲ្យដឹងថាម៉ូតូមួយចំនួនដែលម្ចាស់ទីតាំងទទួលបញ្ចាំនោះគឺជាម៉ូតូដែលជនទុច្ចរិកកាច់កនិងលួចគេយកមកបញ្ចាំព្រោះថា គ្រាប់សោរម៉ូតូមានសភាពបែកខ្ទេចនិងមានសភាពមិនប្រក្រតីច្រើន។
តាមប្រភពពីពលរដ្ឋបានឲ្យដឹងបន្ថែមថា ឈ្មោះ គឹម ឡេងសល់ គឺជាមេអាប៉ោងធំប្រចាំនៅឃុំវិហារសួគ៌ទៀតផង និងបានលួចបើកទទួលបញ្ចាំម៉ូតូយូរយារណាស់មកហើយ មិនមានអាជ្ញាធរឃុំស្រុកណាចុះបង្ក្រាបនោះទេ។
ក្នុងដំណើរការត្រួតពិនិត្យនោះបានឃាត់ខ្លួនម្ចាស់ទីតាំងទទួលបញ្ចាំម៉ូតូខុសច្បាប់ម្ចាស់ឈ្មោះ គឹម ឡេងសល់ និងម៉ូតូចំនួន២៤គ្រឿង៖ ម៉ាក ហុងដា ១៩គ្រឿង, ម៉ាក វ៉វ៉ា ០២គ្រឿង, ម៉ាក ស្កុបពី ០១គ្រឿង, ម៉ាក សង់ការ៉េ០១គ្រឿង និងម៉ាក ហុងដា វេវ០១គ្រឿង។


គួរជម្រាបថាចំពោះម្ចាស់ទីតាំងនិងម៉ូតូទាំង២៤គ្រឿងត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាលដើម្បីចាត់ការតាមនីតិវិធី៕
