ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុមការងារ នាំយកម៉ាស៊ីនរ៉ូប៉ូតចុះត្រួតពិនិត្យប្រព័ន្ធលូ ផ្ទៃខាងក្នុងនៅក្រុងសៀមរាប

(សៀមរាប)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ បានដឹកនាំ ក្រុមការងារបច្ចេកទេស ចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញ ពាក់ព័ន្ធ។


ការចុះពិនិត្យនេះមានការប្រើប្រាស់នូវម៉ាស៊ីនរ៉ូប៉ូត ដើម្បីធ្វើការត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើប មានភ្ជាប់ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែង នៃប្រព័ន្ធលូ ផ្ទៃខាងក្នុងការកកស្ទះ ឬការខូចខាត ដើម្បីចាត់វិធានការដោះស្រាយបានទាន់ពេលវេលា។
នាឱកាសនោះ ទេសរដ្ឋមន្ត្រី បានចុះពិនិត្យ និងចាត់វិធានការដោះស្រាយ ក៏ដូចជាស្វែងរកមូលហេតុនៃការបង្កឱ្យមានជំនន់ទឹកភ្លៀង ជន់លិចបណ្តា ផ្លូវ មួយចំនួន ក្នុងក្រុងសៀមរាប និងបង្កការបាក់ច្រាំងដងស្ទឹងសៀមរាប និងខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួន កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២កន្លងទៅផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្ដាំផ្ញើ និងសំណូមពរឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវ មុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភព នាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្ក ឱ្យមាន ការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram