ខ្សែបម្រើស្លាប Coman របស់ Bayern Munich នឹងខកខានជំនួបជាមួយ Stuttgart បន្ទាប់ពីរបួស ក្នុងពេលហ្វឹកហាត់
(ម៉ូនិច)៖ ខ្សែបម្រើស្លាបរបស់ក្លិប Bayern Munich កីឡាករ Kingsley Coman នឹងអវត្តមាននៅក្នុងការប្រកួតក្នុងលីគ Bundesliga នាថ្ងៃសៅរ៍សប្តាហ៍នេះ ប៉ះនឹងក្រុម VfB Stuttgart បន្ទាប់ពីរងរបួស ក្នុងការហ្វឹកហាត់, នេះបើតាមសម្តីគ្រូបង្វឹក Julian Nagelsmann ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។

Bayern, បានទទួលជ័យជំនះ២-០ លើក្រុម Inter ក្នុងការប្រកួតជម្រុះក្នុងពូលបើកឆាក Champions League កាលពីថ្ងៃពុធ, កំពុងខិតខំក្នុងការធ្វើឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីការប្រកួតចំនួន២ជាប់គ្នា ក្នុងលីគ Bundesliga ទទួលបានលទ្ធផលស្មើ ដែលបង្ខំឲ្យពួកគេធ្លាក់ចេញពីចំណាត់ថ្នាក់កំពូល។
“King បានរងរបួស នៅក្នុងការហ្វឹកហាត់ ហើយបច្ចុប្បន្នកំពុងស្ថិតក្រោមការពិនិត្យសារពាង្គកាយ”, នេះបើតាមសម្តីលោក Nagelsmann បានលើកឡើងពីកីឡាករសញ្ជាតិបារាំងរូបនេះ។ “វាមើលទៅទំនងមិនសូវល្អនោះទេ។ សង្ឃឹមថា វាគ្រាន់តែជាការរបួសសរសៃសាច់ដុំ ហើយមិនអាក្រក់ជាងនោះ”។
អ្នកចាត់ការរូបនេះបន្ថែមថា មានព័ត៌មានល្អដែរ សម្រាប់ខ្សែបម្រើ Joshua Kimmich អាចចូលលេងវិញបាន។
ក្លិបម្ចាស់ពានរង្វាន់ជើងឯកអាល្លឺម៉ង់មួយនេះ បច្ចុប្បន្នកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ដោយមាន១១ពិន្ទុ, ១ពិន្ទុ នៅពីក្រោយក្រុមនាំមុខ Freiburg និង Borussia Dortmund៕



