Real Madrid ប្រឈមមុខនឹងការរង់ចាំយ៉ាងរសាប់រសល់ បន្ទាប់ពី Benzema រងរបួសជង្គង់
(ម៉ាទ្រីដ)៖ Real Madrid ប្រឈមមុខនឹងការរង់ចាំយ៉ាងរសាប់រសល់ ជុំវិញកាយសម្បទារបស់ខ្សែប្រយុទ្ធ Karim Benzema បន្ទាប់ពីលោកត្រូវបានបង្ខំ ឲ្យចាកចេញពីការប្រកួត ក្នុងលទ្ធផលឈ្នះក្រៅទឹកដីរបស់ពួកគេ ក្នុងក្របខណ្ឌ Champions League លើក្រុម Glasgow Celtic ដោយសារមានបញ្ហារបួសជង្គង់ កាលពីយប់ថ្ងៃអង្គារ, នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ។

ខ្សែប្រយុទ្ធ, ដែលបានស៊ុតបញ្ចូលទី៤៤គ្រាប់ ក្នុងការប្រកួតទាំងអស់ កាលពីរដូវកាលមុន និងជាកីឡាកររកគ្រាប់បាល់កំពូល ក្នុងក្របខណ្ឌ Champions League កាលពីរដូវកាលមុននោះ, បានដួលជាមួយនឹងកីឡាករម្នាក់ របស់ក្លិប Celtic ហើយមិនអាចបន្តលេងទៀតបាន។
លើកឡើងបន្ទាប់ពីការប្រកួត, គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានលើកឡើងថា លោកមានសុទិដ្ឋិនិយម អំពីកីឡាករ Benzema និង Eder Militao ដែលបានបង្ខំឲ្យចាកចេញពីការប្រកួតដែរនោះ ដោយសារមានបញ្ហាប៉ះទង្គិចគ្នា។
“បន្ទាប់ពីការវាយតម្លៃដំបូង, វាមិនទំនងធ្ងន់ធ្ងរនោះទេ។ ប៉ុន្តែយើងត្រូវរង់ចាំរហូតដល់ពួកគេធ្វើតេស្ត។ ពួកគេទាំងពីរអាចមានបញ្ហា”, នេះបើតាមសម្តីលោក Ancelotti។
ការធ្វើតេស្តនឹងត្រូវធ្វើឡើង នៅរយៈពេលប៉ុន្មានថ្ងៃខាងមុខ, ប៉ុន្តែ Benzema ត្រូវបានគេចាត់ទុកថា មិនមានប្រាកដប្រជា ក្នុងការបង្ហាញខ្លួន នៅឯការប្រកួតលីគ La Liga នាថ្ងៃសៅរ៍សប្តាហ៍នេះ ក្នុងជំនួបធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវ Mallorca និងការធ្វើជាម្ចាស់ផ្ទះ ក្នុងក្របខណ្ឌ Champions League ប៉ះនឹងក្រុម RB Leipzig នៅថ្ងៃពុធសប្តាហ៍ក្រោយ។
Real Madrid បន្ទាប់មកទៀត នឹងទៅជួប Atletico Madrid សម្រាប់ការប្រកួតចុងក្រោយនៃលីគ La Liga មុនពេលឈប់សម្រាកអន្តរជាតិ ហើយលោក Ancelotti នឹងត្រូវការខ្សែប្រយុទ្ធរបស់លោក សម្រាប់ការប្រកួតដ៏សំខាន់ទាំងនោះ៕


