អគ្គិភ័យបានឆាបឆេះក្លឹបកំសាន្ត មួយកន្លែង ក្នុងនោះបានបំផ្លាញសម្ភារៈអស់ទាំងស្រុង និងបានរាលដាលដល់ផ្ទះ មួយខ្នង បណ្តាលឲ្យរងការខូចខាតអស់ ២០%
ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ៤៨៨ ភូមិ២ ក្រុម១៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជិត ៤០គ្រឿង ក្នុងនោះរួមមានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន ២១គ្រឿង ប្រើប្រាស់ទឹកអស់ ២១ឡាន ស្មើរនឹង ៨៤ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ ចំនួន ៤គ្រឿង ប្រើប្រាស់ទឹកអស់ ៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប, រថយន្តក្រុមហ៊ុន OCIC ទីក្រុងជ្រោយចង្វារ ចំនួន ៦គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើរនឹង ២៤ម៉ែត្រគូប, រថយន្តផ្សារទំនើប អូឡាំព្យា ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើរនឹង ៨ម៉ែត្រគូប និងរថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៤ម៉ែត្រគូប ទើបបាញ់ពន្លត់ជាស្ថាពរនៅវេលាម៉ោង ១រសៀលនាថ្ងៃខែឆ្នាំដដែរ។ លោកវរសេនីយ៍ឯក បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆាបឆេះក្លឹបកំសាន្ត All Friend និងសម្ភារៈខូចខាតអស់ទាំងស្រុង ដែលមានទំហំ (១៦ម៉ែត្រ x ១៣ម៉ែត្រ) សាងសង់អំពីថ្មប្រក់ស័ង្កសី និងបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋអស់ចំនួន មួយខ្នងខូចខាតប្រហែល ២០%។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានគ្រោះអគ្គិភ័យខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វើការស្រាវជ្រាវ៕












