ម៉ារ៉ុក នឹងប្រកួតមិត្តភាពកម្តៅសាច់ដុំចំនួន២ មុនព្រឹត្តិការណ៍ World Cup 2022 ចាប់ផ្តើម
(រ៉ាបាត)៖ ក្រុមបាល់ទាត់ជម្រើសជាតិម៉ារ៉ុក បានបញ្ជាក់ពីការប្រកួតលក្ខណៈមិត្តភាពកម្តៅសាច់ដុំចំនួន ២លើក មុនព្រឹត្តិការណ៍ World Cup មកដល់ ដោយនឹងត្រូវប៉ះក្រុមជម្រើសជាតិចំនួន២ នៅទ្វីបអាមេរិកខាងត្បូងក្នុងខែនេះ។ ដោយការអះអាងនេះបានធ្វើឡើង១ថ្ងៃ បន្ទាប់ពីការតែងតាំងគ្រូបង្វឹកថ្មី។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ បានឲ្យដឹងថា ម៉ារ៉ុក នឹងប្រកួតមិត្តភាពកម្តៅសាច់ដុំជាមួយឈីលី នៅទីក្រុង Barcelona នៅថ្ងៃទី២៣ ខែកញ្ញា និងជួបប៉ារ៉ាហ្គាយ នៅទីក្រុង Sevilla ៤ថ្ងៃបន្ទាប់ ដែលជាការប្រកួតត្រៀមចំនួន ២លើកចុងក្រោយ មុនពេលចូលរួមប្រកួត World Cup នៅប្រទេសកាតានាខែវិច្ឆិកាខាងមុខ។ នេះបើតាមការលើកឡើងពីសហព័ន្ធបាល់ទាត់ម៉ារ៉ុក បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍។
គួររំលឹកថា កាលពីថ្ងៃពុធ ម៉ារ៉ុកបានប្រកាសតែងតាំងលោក Walid Regragui ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹក Vahid Halilhodzic កាលពីប៉ុន្មានសប្តាហ៍មុន។
នៅឯព្រឹត្តិការណ៍ World Cup ម៉ារ៉ុកស្ថិតក្នុងពូល F ហើយនឹងចាប់ផ្តើមប្រកួតទល់នឹងក្រូអាត នៅថ្ងៃទី២៣ ខែវិច្ឆិកា។ ជាមួយគ្នានោះ ពួកគេក៏នឹងប្រកួតប៉ះប៊ែលហ្ស៊ិក និងកាណាដា នៅក្នុងពូលរបស់ពួកគេផងដែរ៕


