YouTuber ថៃល្បីឈ្មោះ Nutty រត់គេចចេញពីប្រទេស បន្ទាប់ពីតុលាការចេញដីការចាប់ខ្លួន ជុំវិញបទ «ឆបោក» ប្រាក់ជាង ៥៥លានដុល្លារពីអ្នកគាំទ្រ
(ថៃ)៖ ប៉ូលីសក្នុងប្រទេសថៃបាននិយាយថា តារា YouTuber ល្បីឈ្មោះក្នុងប្រទេសថៃ មានឈ្មោះថា Nutty ដែលត្រូវបានចោទប្រកាន់ពីបទបោកប្រាស់ អ្នកវិនិយោគរាប់ពាន់នាក់ ដែលសរុបជាប្រាក់ខ្ទង់ ៥៥លានដុល្លារអាមេរិក លើការជួយដូររូបិយប័ណ្ណបរទេសនោះ បានរត់គេចខ្លួនចេញពីប្រទេសបាត់ទៅហើយ បន្ទាប់ពីតុលាការចេញដីការចាប់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន South China Mornign Post នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

បើតាមដីការចាប់ខ្លួន ដែលចេញដោយតុលាការក្នុងប្រទេសថៃ គឺបានឲ្យដឹងថា បុគ្គលឈ្មោះ Suchata Kongsupachak ដែលមហាជនស្គាល់ថា មានឈ្មោះហៅក្រៅ Nutty ជា YouTuber ល្បីឈ្មោះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស ក្នុងនោះរួមទាំងបទ ក្លែងបន្លំផងដែរ។ ប៉ូលីសបាននិយាយថា Suchata អាយុ ៣០ឆ្នាំ បានទាក់ទាញជនរងគ្រោះជាង ៦ពាន់នាក់ ដើម្បីឱ្យមកវិនិយោគនៅក្នុងក្រុមហ៊ុនជួញដូរ Forex របស់នាងដោយសន្យាថា នឹងទទួលបានផលចំណេញខ្ពស់រហូតដល់ ៣៥ភាគរយ លើការរួមចំណែករបស់ពួកគេ។
បើតាមមន្ត្រីនៅការិយាល័យ ស៊ើបអង្កេតឧក្រិដ្ឋកម្មតាមអ៉ីធើណែត ឈ្មោះ Wattana Ketumpai បានប្រាប់កាសែត Nation ថា Suchata ជានិច្ចកាលតែងតែបង្អួតរបស់ទំនើបៗថ្លៃៗ ដូចជារថយន្តទំនើប នាឡិកា និងទ្រព្យសម្បត្តិ និងផ្សព្វផ្សាយអ្វីដែលខ្លួនមាននោះ លើប្រព័ន្ធផ្សព្វផ្សាយសង្គម ដូចជាយូធូបដែលមានអ្នកតាមដានច្រើនជាង ៨៤០,០០០នាក់ ហើយបានអះអាងថា នាងបានប្រមូលទ្រព្យសម្បត្តិរបស់នាង ពីការជួញដូរ Forex។
បន្ទាប់មកមានមនុស្សជាច្រើន បានមកជួញដូរជាមួយនាង ក្រោមក្តីស្រមៃថា នឹងមានលុយច្រើនដែលបានមកពីប្រាក់ចំណេញ។ តែផ្ទុយទៅវិញប្រែទៅជាជូរចត់ និងការខាតបង់ប្រាក់ រហូតនាំឲ្យមានការដាក់ពាក្យបណ្តឹង ប្រឆាំងតារាស្រីរូបនេះ ខណៈព័ត៌មានអំពីការលាក់ខ្លួនរបស់នាង បានបាត់ពីបណ្តាញសង្គម ដែលត្រូវបានគេជឿថា បានរត់គេចខ្លួនទៅកាន់ប្រទេសជិតខាងទៅហើយ៕



