Varane បន្ទោសកាលវិភាគប្រកួត «ដ៏មមាញឹក» ជាហេតុផលដែលលោកចូលនិវត្តន៍ពីជម្រើសជាតិ …

(ប៉ារីស)៖ កីឡាករ Raphael Varane បានលើកឡើងថា កាលវិភាគប្រកួត «ដ៏មមាញឹក» នៃបាល់ទាត់កម្រិតកំពូល គឺនៅពីក្រោយការសម្រេចចិត្តរបស់លោក ក្នុងការចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។
ខ្សែការពារលេងនៅក្លិបបិសាចក្រហម Manchester United រូបនេះ បានប្រកាសនៅថ្ងៃព្រហស្បតិ៍អំពីការចូលនិវត្តន៍នៃជម្រើសជាតិមាន់គកបារាំង។ ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីលោកបានលេង ៩៣លើកក្នុងរយៈពេល ១០ឆ្នាំមកនេះ ជាមួយនឹងការឈ្នះពាន World Cup នៅឆ្នាំ២០១៨ ផងដែរ។


Varane បានបង្ហាញខ្លួន ៦ប្រកួតនៃការប្រកួតរបស់បារាំងក្នុង World Cup ឆ្នាំ២០២២ នាប្រទេសកាតា ជាទីកន្លែងដែលពួកគេបានចាញ់ក្រុមអាហ្សង់ទីន ដោយការស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រ។
កីឡាករវ័យ ២៩ឆ្នាំរូបនេះបានប្រាប់សារព័ត៌មាន Canal Plus ថា «ខ្ញុំបានផ្តល់ឲ្យគ្រប់យ៉ាងទាំងផ្លូវកាយ និងផ្លូវចិត្ត ប៉ុន្តែកម្រិតខ្ពស់បំផុត គឺប្រៀបដូចជាម៉ាស៊ីនបោកខោអាវអីចឹង។ អ្នកលេងគ្រប់ពេលវេលា ហើយអ្នកមិនអាចឈប់បានទេ»។
លោកបន្តថា «យើងមានកាលវិភាគប្រកួតច្រើនលើសលប់ ហើយប្រកួតមិនអាចឈប់បាននោះទេ រហូតដល់ពេលខ្លះខ្ញុំមានអារម្មណ៍ ថប់ដង្ហើមទៀតផង»។


សូមជម្រាបថា Varane ដែលធ្លាប់ធ្វើជាប្រធានក្រុមជម្រើសជាតិបារាំង ២០ប្រកួតរូបនេះ គឺជាកីឡាករទី៥ ហើយនៃសមាជិកក្រុម World Cup ឆ្នាំ២០១៨ របស់បារាំង ដែលបានចូលនិវត្តន៍ពីជម្រើសជាតិ បន្ទាប់ពីកីឡាករ Blaise Matuidi, Steve Mandanda, Adil Rami និងអតីតប្រធានក្រុម Hugo Lloris ជាដើម៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram