ចៅក្រមស៊ើបសួរខេត្ដកំពត លោក អុំ ឆវត្ដិក៍ ដោះលែងជនដៃដល់វាយមនុស្សផុងលលាក្បាល ទាំងមិនទាន់បានដោះស្រាយ…
(ខេត្ដកែប) ៖ ក្រោយមានជនដៃដល់ម្នាក់ឈ្មោះ ចិន ជុំ បានវាយជនរងគ្រោះម្នាក់ បណ្ដាលឲ្យផុងលលាក្បាលរងរបួសធ្ងន់ធ្ងរ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចភូមិលំពែង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍នគរបាលអង្កោលដោះលែង ទាំងជនរងគ្រោះមិនទាន់បានដោះស្រាយ។
បើយោងតាមបទសម្ភាសន៍ជាមួយជនរងគ្រោះឈ្មោះសយ ក្លេង ភេទប្រុស អាយុ៣៦ឆ្នាំ បានផ្ដល់បទសម្ភាសន៍បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបាន ហូបបាយល្ងាចរួច ហើយសុំលុយប្រពន្ធបាន ១ម៉ឺនរៀល រួចដើរទៅទិញបារីជក់ នៅផ្ទះជនដៃដល់ ឈ្មោះ ចិន ជុំ ប្រហែលជាម៉ោង ០៦៖០០នាទីល្ងាច ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០។

ពេលដែលខ្លួនទៅដល់ក៏ឃើញ ជុំ រិទ្ធី ភេទស្រី កំពុងតែកោសខ្យល់ឱ្យឈ្មោះ ពេជ្រ ឈ្នាង ពេលនោះឈ្មោះ ជុំ រិទ្ធី ដែលជាអ្នកកោះខ្យល់ ពេជ្រ ឈ្នាង បានហៅខ្លួនឲ្យជួយកោសខ្យល់បន្តរ ព្រោះឈ្មោះ ជុំ រិទ្ធី ប្រញាប់ទៅមើលកូនយំនៅផ្ទះពេលនោះរូបខ្លួន (សយ ភ្លេង) ដែលជាជនរងគ្រោះនៅក្នុងករណីនេះ បានកោសខ្យល់បន្ត ហើយក៏មានកូនរបស់ជនសង្ស័យនៅផ្ទះដែរ។
ហើយពេលដែលខ្លួនកោសខ្យល់រួចរាល់ហើយក៏ជ្រុះ គម្របព្រេងកូឡានៅក្រោមតុ ហើយខ្លួនក៏អោនរើសគំរបព្រេងកូឡា ស្របពេលនោះជនសង្ស័យឈ្មោះ ចិន ជុំ ដែលត្រូវជាប្ដីឈ្មោះ ពេជ្រ ឈ្នាង បានស្រែកឡូឡាមួយម៉ាត់ពីម៉ាត់ ក៏បានយកដំបងជ្រុងមកវៃលើក្បាលខ្លួនទាំងកំរោល ពីខាងក្រោយ។
ជនរងគ្រោះបន្តទៀតថា ពេលដែលខ្លួន ត្រូវបានជនសង្ស័យវាយហើយ ខ្លួនខំដើរទៅផ្ទះទាំងរងរបួសធ្ងន់ ហើយក៏ឃើញសភាពធ្ងន់ធ្ងរពេក អ្នកភូមិក៏បានយកទៅផ្ទះទាំងមិនដឹងខ្លួន ដោយមានការព្រួយបារម្ភខ្លាចប៉ះពាល់ដល់អាយុជីវិតត្រូវបានគ្រួសារសាច់ញាតិយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឯកជនមួយនៅខេត្តកែប។

ជនរងគ្រោះបានលើកឡើងថា បន្តាប់ពីរខ្លួនកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យមិនដឹងថា របួសយ៉ាងណាយ៉ាងណីនោះ ក៏ស្រាប់តែត្រូវបានសាច់ញាតិនិងក្រុមគ្រួសារក៏ដូចជាអ្នកភូមិបានប្រាប់ថាឈ្មោះជនសង្ស័យឈ្មោះចិនជុំ ដែលបានប្រើអំពើហិង្សាមកលើខ្លួន បានមកដល់ផ្ទះវិញយ៉ាងព្រងើយ បន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន០២ ទៅ០៣យប់ ស្របពេលដែលខ្លួនកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យឯកជន។

មកទល់និងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ គឺខ្លួនមិនទាន់ទទួលបានសំណង នៅឡើយទេ តែជនសង្ស័យនៅតែបន្តនៅក្រៅឃុំបានដដែល មិនតែប៉ុណ្ណោះ សាច់ញាតិជនសង្ស័យ ក៏ដូចជាជនសង្ស័យតែងតែបោះសម្ដីផ្លែផ្កា មកលើក្រុមគ្រួសារខ្លួនធ្វើឱ្យខ្លួនមានការឈឺចាប់បំផុត ខណៈពេលដែលខ្លួនជាជនរងគ្រោះហើយមិនទាន់ទទួលបានសំណងនៅឡើយ។
ដោយឡែកលោកឧត្ដមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ដកែប បានឲ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះថា លោកបានបញ្ជូនសំណុំរឿងទៅកាន់តុលាការអស់ហើយ មិននៅក្នុងដៃលោកទេ រួចលោកថា រវល់បិទទូរស័ព្ទតែម្ដង។

ជនរងគ្រោះសូមអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធ ឲ្យជួយពិនិត្យមើលនៅក្នុងករណីនេះ ព្រោះគ្រួសាររបស់ខ្លួនអត់ណាស់ពុំមានលទ្ធភាពរកប្រាក់យកមកមើលជំងឺនោះទេ៕


