រថយន្ត ៣គ្រឿងបុកគ្នា បណ្តាលឱ្យមនុស្សរបួសធ្ងន់ស្រាល…
ព្រៃវែង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយរថយន្តចំនួន ៣គ្រឿង ក្នុងនោះមានរថយន្តចំនួន ២គ្រឿង បានបុកគ្នាពេញទំហឹងផ្ទុះឆេះខូចខាតស្ទើទាំងស្រុង និងបណ្តាលឱ្យមានមនុស្សចំនួន ៣នាក់ រងរបួសធ្ងន់ស្រាលផងដែរ នៅក្រុងព្រៃវែង ខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។

អធិការនគរបាលក្រុងព្រៃវែង បានឱ្យដឹងថា៖ ករណីរថយន្ត ៣គ្រឿងបុកគ្នានោះ ដោយមានរថយន្តបើកបរបញ្ច្រាសទិសគ្នាពីជើងទៅត្បូង។ នៅពេលដល់ចំណុចកើតហេតុ មានរថយន្តមួយគ្រឿងបានបើករំលោភចូលផ្លូវអាទិភាព ទើបបណ្ដាលឱ្យបុកពេញទំហឹងផ្ទុះឆេះរថយន្តចំនួន ២គ្រឿង ខូចខាតស្ទើរទាំងស្រុង និងមានមនុស្សចំនួន ៣នាក់ បានរងរបួសបាក់ជើងចំនួន ២នាក់ និងម្នាក់ទៀតចុកចាប់ពេញខ្លួន។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះអន្តរាគមន៍ពន្លត់ភ្លើង។ ចំណែកជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ខណៈរថយន្ដទាំង ៣គ្រឿង បានយកទៅរក្សាទុកបណ្ដោះអាសន្ននៅការិយាល័យជំនាញ រង់ចាំដោះស្រាយពេលក្រោយ៕



