អាជ្ញាធរសម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនមនុស្ស២នាក់ ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់បណ្តាលអោយរងរបួសធ្ងន់ធ្ងរ…


ភ្នំពេញ៖អាជ្ញាធរខណ្ឌបឹងកេងកង សម្រេចបិទការដ្ឋានអគារខុនដូ៩៩៩ ដែលគ្មានច្បាប់អនុញ្ញាត និង ឃាត់ខ្លួនវិស្វករម្នាក់និងអ្នកគ្រប់គ្រងសំណង់ម្នាក់ ក្រោយមានករណីធ្លាក់ដែកចំបុរសម្នាក់កំពុងជិះម៉ូតូបណ្តាលអោយរងរបួសធ្ងន់ធ្ងរ ។
ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ម្សិលមិញនេះ នៅចំណុចការដ្ឋានសំណង់ខុនដូរ៩៩៩ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។
របាយការណ៍ពីអាជ្ញាធរ ដែល CPC NEWS ទើបទទួលបាននៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នេះ បង្ហាញថា ជនសង្ស័យទាំង២នាក់ រួមមាន ៖


១. ឈ្មោះ ម៉ីម៉ា រ៉ាឌី ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ ៨C ផ្លូវលំ ភូមិគោឃ្លាង សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ , មុខរបរ: វិស្វករសំណង់ ( អ្នកគ្រប់គ្រង ) ។
២- ឈ្មោះ អ៊ុង សាវឿន ភេទ ប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ , មុខរបរ: មេការ ( អ្នកគ្រប់គ្រង ) ។
ចំណែកជនរងគ្រោះមាន ឈិត សុភាព ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះលេខ២៣F ផ្លូវជាតិលេខ២ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ: អនុប្រធានភូមិទួលរកា១។


វត្ថុតាងចាប់យក ដែកទីបជ្រុងចំនួន ១ដើម ប្រវែង ២,៨០ម៉ែត្រ , ម៉ូតូ ០១គ្រឿងម៉ាក អ៊ែរប្លែក ពណ៌ខ្មៅលាយទឹកក្រូច ពាក់ស្លាក់លេខ 1 AP -3136 ( របស់ជនរងគ្រោះ ) , មួកសុវត្ថិភាពចំនួន ០១ ( របស់ជនរងគ្រោះ ) , ពូក ពណ៌ទឹកក្រូច ចំនួន០១ ( របស់ជនរងគ្រោះ) ។
មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ម៉ាក អ៊ែរប្លេក ពណ៍ខ្មៅ ខ្មៅលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1 AP -3136 ដឹកពូកចេញ ម្ដុំចំការដូង គោលបំណងយកទៅឲ្យគេ នៅម្ដុំអង់តែនទួលគោក ពេលជនរងគ្រោះ ជិះម៉ូតូមកដល់ កន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមានខ្យល់បក់ខ្លាំង ក៏មានធ្លាក់ដែកទីបជ្រុងចំនួន ០១ ដើម ប្រវែង ២,៨០ម៉ែត្រ ធ្លាក់ពីលើ ជាន់ទី១៩ អាគារខុនដូរយីហោ ៩៩៩ ដែលកំពុងសាងសង់មានកំពស់ ២២ ជាន់ ធ្លាក់ត្រូវចំក្បាលជនរងគ្រោះ ដែលមានសុវត្ថិភាព កំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះ បែកមួកសុវត្ថិភាព និងក្បាលហូរឈាមផ្នែកខាងស្ដាំ ភ្លាមនោះជនរងគ្រោះត្រូវបានយកទៅ សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យមិត្តភាពខ្មែរសូវៀត បង្កការភ្ញាក់ផ្អើល ខណ:នោះសមត្ថកិច្ចល្បាតទៅដល់ បានឃាត់ជនសង្ស័យ ដែលជាអ្នកគ្រប់គ្រង ការដ្ឋានសំណង់ខាងលើ ដើម្បីធ្វើការសាកសួរ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទំនប់ទឹកតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានឃាត់នៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរបន្ដ និងចាត់ការតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ភ្លាមៗបន្ទាប់ពីមានករណីនេះកើតឡើង គេសង្កេតឃើញមានវត្តមានរបស់លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ ចុះពិនិត្យជាក់ស្តែង ។ ជាលទ្ធផលទីតាំងសំណង់ខុនដូ៩៩៩ នេះ គឺ គ្មានលិខិតអនុញ្ញាតសាងសង់នោះទេ ជារបស់ឈ្មោះ ទាវ ធីតា ហើយការធ្លាក់ដែកត្រូវចំអ្នកដំណើរនេះ គឺ គ្មានកម្មករ គ្មានជាងនៅធ្វើការនោះទេ ។

ដូច្នេះហើយ លោក មាន ចាន់យ៉ាដា បានសម្រេចធ្វើការបិទការដ្ឋានសំណង់នេះ ទាំងស្រុង និង ហាមដាច់ខាតមិនឲ្យមានកម្មករស្នាក់នៅក្នុងការដ្ឋាន នោះទេ រង់ចាំមានលិខិតអនុញ្ញាតទើបអាចបន្តសាងសង់បាន ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram