ខ្សែមប្រើ Fabregas ចូលរួមជាមួយក្លិបលេងនៅលីគលំដាប់ទី២ អ៉ីតាលី Como
(លូមបាឌី)៖ អតីតខ្សែបម្រើក្លិប FC Barcelona, Arsenal និង Chelsea កីឡាករ Cesc Fabregas បានចូលរួមជាមួយក្លិបដែលលេងនៅលីគលំដាប់ទី២ របស់អ៉ីតាលី Como លើការផ្ទេរដោយឥតបង់ថ្លៃ ដោយចុះកិច្ចសន្យា ២ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២។

អតីតកីឡាករលំដាប់អន្តរជាតិអេស្ប៉ាញ Fabregas បានក្លាយជាកីឡាករគ្មានក្លិបលេង បន្ទាប់ពីការចាកចេញរបស់លោកពីក្លិប AS Monaco ដែលលេងនៅលីគកំពូលបារាំង Ligue 1 កាលពីពេលបិទរដូវកាលមុន។
ក្លិប Como បានបញ្ចប់នៅចំណាត់ថ្នាក់ទី១៣ ក្នុងលីគ Serie B កាលពីរដូវកាលមុន បន្ទាប់ពីការឡើងរបស់ពួកគេមកពីលីគលំដាប់ទី៣ ក្នុងរដូវកាល២០២០-២១។
កីឡាករ Fabregas គឺជាផ្នែកមួយនៃក្រុមដណ្តើមបានពានរង្វាន់ពិភពលោក World Cup របស់អេស្ប៉ាញ ក្នុងឆ្នាំ២០១០ និងបានឈ្នះពានរង្វាន់ Premier League ចំនួន ២លើកជាមួយក្លិបតោខៀវ Chelsea ទៀតផង៕



