ខឹងស្រីស្នេហ៍យករូបថតឡើងឋានសួគ៌ជាមួយគ្នាចែកចាយគេឯងមើល ត្រូវសមត្ថកិច្ចចាប់វ៉ៃខ្នោះ !!!
ខេត្តកណ្ដាល ៖ បុរសម្នាក់ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការស្រាវជ្រាវហើយឃាត់ ខ្លួនបាននៅថ្ងៃទី0៣ ខែកក្កដា ឆ្នាំ២០២០ ដោយនាំមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
បន្ទាប់ពីបុរសសង្ស័យរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះ ទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណៈ ដោយសារតែបុរសសង្ស័យរូបនេះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា ដែលករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរកម្មករសំណង់ ដោយដកហូតបានវត្ថុតាងទូរស័ព្ទ១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ៕




