សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រឿងជម្លោះដីធ្លី ដល់ពេលត្រូវជម្រះគ្នា និងជាពេលត្រូវវះកាត់…

ភ្នំពេញ៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បញ្ហាជម្លោះដីធ្លីដល់ពេលដែលត្រូវតែជម្រះ និងត្រូវវះកាត់ហើយ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងកំឡុងពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០នេះ។​

បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសរសេរលើបណ្តាញទំនាក់ទំនងផ្លូវការថា ការថ្លែងរបស់សម្តេច គឺជាប់ពាក់ព័ន្ធទៅនឹងជម្លោះដីធ្លីនៅក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ លោក បានសរសេរថា ដោយដកស្រង់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថា “រឿងដីធ្លីត្រូវតែជំរះគ្នាម្តង។ ពេលនេះ ជាពេលដែលត្រូវធ្វើការវះកាត់ហើយ”។សូមបញ្ជាក់ថា ទំនាស់ដីធ្លីដ៏ធំនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានឈានដល់ការនាំខ្លួនអ្នកមានអំណាចពីរនាក់ទៅសួរនាំ និងដកអភិបាលស្រុក។​

កាលពីព្រលប់ថ្ងៃទី0១ ខែកក្កដា ឆ្នាំ២០២០ លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាំខ្លួនទៅកាន់ស្នាក់ការនៅរាជធានីភ្នំពេញ ដោយសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយរឿងដីធ្លីនៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ការនាំខ្លួននេះបានធ្វើឡើង បន្ទាប់ពីលោកឧកញ៉ា សង ថន ដែលត្រូវបាន ACU នាំខ្លួនទៅសាកសួរក្នុងសំណុំរឿងមួយនេះផងដែរ កាលពីល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០ និងក៏ដកតួនាទីអភិបាលស្រុកកោះក្រឡពីតួនាទីផងដែរ។ចំពោះការនាំខ្លួន លោក ស៊ូ អារ៉ាហ្វាត់ អភិបាលរងខេត្តបាត់ដំបង ដោយACUនេះ ដោយសារលោកធ្លាប់ជាប្រធានគណៈកម្មការថ្នាក់ខេត្តដោះស្រាយវិវាទដីធ្លី នៅស្រុកគាស់ក្រឡ នេះតែម្តង។ ចំណែកលោកឧកញ៉ា សង ថន គឺជាបុគ្គលតែម្នាក់ដែលមានដីប្រមាណ៥ពាន់ហិកតា ដែលស្មើនឹង១ភាគ៤ នៃផ្ទៃដីស្រុកគាស់ក្រឡទាំងមូល។ រីឯលោក ម៉ៅ សុចាន់ អភិបាល ស្រុកគាស់ក្រឡ ក៏ត្រូវបានដកតួនាទីឱ្យទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram