រដ្ឋបាលស្រុកសន្ទុក អំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារសហគមន៍ ដែលបានចងក្រងហើយឱ្យមាននិរន្តរភាព

(កំពង់ធំ)៖ លោក អ៊ូ លីនេ អភិបាលរងស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមការពារសហគមន៍ដែលបានចងក្រងហើយឱ្យមាននិរន្តរភាព។ លោក អ៊ូ លីនេ បានថ្លែងយ៉ាងដូច្នេះនៅក្នុងកិច្ចប្រជុំជុំទី២ ជាមួយសហគមន៍ក្នុងស្រុកសន្ទុកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅសាលាស្រុកសន្ទុក ដើម្បីរកបញ្ហាប្រឈមយកមកធ្វើការដោះស្រាយ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីអាជ្ញាធរមូលដ្ឋាន តំណាងសហគមន៍ក្នុងស្រុកសន្ទុក ដែលរៀបចំអង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ(API)។


លោកបានបន្តថា ដើម្បីរួមចំណែកការលើកកម្ពស់អភិបាលកិច្ចមូលដ្ឋាន និងគណនេយ្យភាពសង្គមកាន់តែប្រសើរឡើងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ អេ ភី អាយ បានរៀបចំយុទ្ធយុទ្ធនាការផ្សព្វផ្សាយគម្រោង ថវិកាអភិវឌ្ឍឃុំស្រុក ដល់ប្រជាពលរដ្ឋ និងសមាជិកអង្គការសហគមន៍មូលដ្ឋានឲ្យបានយល់កាន់តែច្រើនអំពីសិទ្ធិរបស់ខ្លួនក្នុងការចូលរួមការតាមដានត្រួតពិនិត្យអំពីដំណើរការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់ខ្លួន។
លោកបានសង្កត់ធ្ងន់ថា អាជ្ញាធរត្រូវតែចូលរួមសហការជាមួយសហគមន៍ ដើម្បីដោះស្រាយ និងអភិវឌ្ឍនមូលដ្ឋានរបស់ខ្លួន ក្នុងការអនុវត្តរាល់ការលំបាក និងបញ្ហាប្រឈមនានាដែលកើតមានឡើង ក្នុងការ រួមគ្នាដោះស្រាយ។ ជាពិសេសក្នុងការផ្តល់សេវាសាធារណ:ជូនពលរដ្ឋ ក្នុងភូមិសាស្ត្រក្នុងសហគមន៍ឲ្យបានទាន់ ពេលវេលា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ស្រុក ក្រុង ឃុំ សង្កាត់នៅថ្នាក់មូលដ្ឋានដើម្បីគាំទ្រ និងពង្រឹងសម្ថភាពជាអ្នកដឹកនាំ ពិភាក្សាពីកង្វល់ និងបញ្ហាក្នុងសហគមន៍ ព្រមទាំងស្វែងរក ដំណោះស្រាយជូនប្រជាពលរដ្ឋនៅមូលដ្ឋានឲ្យបានទាន់ពេលវេលលា និងទទួលបានប្រសិទ្ធភាពខ្ពស់។
លោកបានថ្លែងអំណរគុណដល់អង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការដៃគូ ដែលបានជួយគាំទ្រដល់ដំណើរការរបស់សហគមន៍ក្នុងស្រុកក៏ដូចជាប្រទេសកម្ពុជា ដើម្បីឲ្យមានការកែប្រែ និងអភិវឌ្ឍន៍និងជំរុញអាជ្ញាធមូលដ្ឋានត្រូវរៀបចំផែនការថវិកាដើម្បីជួយគាំទ្រកម្មវិធីដល់សហគមន៍ ហើយអាជ្ញាធរទាំងអស់ត្រូវផ្សព្វផ្សាយអំពីថវិកាឲ្យបានទៅដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះនិងខ្លឹមសារសំខាន់ៗសម្រាប់ធ្វើជាគម្រោងក្នុងការអភិវឌ្ឍភូមិឃុំរបស់ខ្លួន។
លោក ឈើ ប៊ុនទ្រីម តំណាងអង្គការវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយបានលើកឡើងថា អង្គការវិទ្យាស្ថានតស៊ូមតិនិងគោលនយោបាយ (API) បានកំណត់យុទ្ធសាស្ត្រ៥ឆ្នាំបន្តរបស់ខ្លួនសម្រាប់២០១-២០២៣ ក្នុងគោលដៅរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រនិងធ្វើឱ្យល្អប្រសើរជាងមុននូវការការពារនិងការលើកកម្ពស់ វប្បធម៌នៃការបើកចំហរព័ត៌មានសាធារណៈពង្រឹងការចូលរួមបែបប្រជាធិបតេយ្យតម្លាភាព និងគណនេយ្យភាពក្នុងគោលការណ៍ស្ដីពីវិមជ្ឈការនិងសហមជ្ឈការនៅកម្ពុជារបស់ក្រុមប្រឹក្សាស្រុក ក្រុង និងការតស៊ូមតិដើម្បីសមធម៌និងគោលនយោបាយសាធារណៈប្រកបដោយនិរន្តភាព។
លោកបានបន្ថែមថាយុទ្ធសាស្ត្រ៥ ឆ្នាំថ្មីនេះគឺបន្តនិងបំពេញបន្ថែមលើគម្រោងដែលកំពុងអនុវត្តក្នុងឃុំស្រុក និងខេត្តគោលដៅដែលទាំងអស់ធានាភាពជោគជ័យកាន់តែធំ និងនិរន្តរភាពយូអង្វែងក្នុងការផ្ដល់នូវលទ្ធផល វិជ្ជមានមួយចំនួន ដែលផលប្រយោជន៍ដល់ក្រុមដែលងាយរងគ្រោះនឹងបាត់បង់ឱកាសដែលស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវមានគណនេយ្យភាពនិងទទួលខុសត្រូវកាន់តែច្រើនចំពោះគាត់។
ជាមួយគ្នានេះដែរ តំណាងសហគមន៍ព្រៃឈើបុស្សស្រីពៅបានលើកឡើងពីបញ្ហាបងប្អូនប្រជាពលរដ្ឋមួយចំនួន មិនទាន់បានយល់ពីអត្ថប្រយោជន៍ពីព្រៃឈើដោយលួចចូលកាប់ទន្ទា្រន ដើម្បីយកដីធ្វើជាកម្មសិទ្ធិហើយបានស្នើសុំដល់អាជ្ញាធរ មន្ត្រីជំនាញសូមជួយគាំទ្រជាថវិកា សម្ភារ និងចូលរួមបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
លោក អ៊ូលីនេ សូមឲ្យសហគមន៍របាយការណ៍ នឹងផ្តល់ព័ត៌មានជូនដល់ឃុំ និងស្រុកដើម្បីជួយធ្វើអន្តរាគមន៍។ជាមួយគ្នាផងដែរ ប្រធានសហគមន៍ព្រៃឈើភ្នំស្រួចបានលើកឡើងពីបញ្ហាប្រឈមក្នុងសហគមន៍របស់ពួកគាត់ផងដែរ មានការលួចចូលកាប់ឈើដោយជនខិលខូចមួយចំនួន និងខ្វះខាតសំភារៈចុះល្បាតព្រៃ ដូចជា ស្បែកជើង ពិល នឹង ថវិកាសម្រាប់ផ្គត់ផ្គងដល់សហគមន៍ពួកគាត់។
ជាមួយគ្នានោះ លោកអភិបាលរងស្រុកសន្ទុក បានថ្លែងទៀតថា រាល់ពេលចូលរួមប្រជុំជាមួយឃុំ សូមឲ្យសហគមន៍លើកផែនការរបស់សហគមន៍បញ្ជូលជាមួយផែនការឃុំផងដែរ។ ក្នុងពេលនោះផងដែរ ក៏មានសហគមន៍កសិកម្ម ឃុំក្រយាសាមគ្គី បានលើកឡើងពីបញ្ហាប្រឈមរបស់សហគមន៍ដែរដូចជា ការខ្វះខាត សំភារៈ និង ឧបករណ៍ កែឆ្នៃគ្រាប់ស្វាយចន្ទី ខ្វះបច្ចេកទេស ដើម្បីផលិតតាមស្តង់ដារ ទីផ្សារ នឹងខ្វះខាតជំនាញ ក្នុងការគ្រប់គ្រងបញ្ជីកត់ត្រារបស់សហគមន៍។
ទន្ទឹមពេលនោះ លោក បន្ថែមថា គណៈកម្មការសូមជជែកគ្នា ជាមួយសហគមន៍ទាក់ទងប្រាក់ក្នុងការទិញសំភារៈ និង ឧបករណ៍ កែឆ្នៃគ្រាប់ស្វាយចន្ទី ដែលមាននៅក្នុងសហគមន៍ស្រាប់ ហើយចំពោះការគ្រប់គ្រងបញ្ជីកត់ត្រា របស់សហគមន៍ សូមឲ្យសហគមន៍ទំនាក់ទំនងជាមួយមន្ទីរ ការិយាល័យពាក់ព័ន្ធ និងអង្គការ ដៃគូអភិវឌ្ឍ ដើម្បីជួយពង្រឹងបន្ថែមដល់សហគមន៍របស់ពួកគាត់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram