សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការរួមចំណែកគាំទ្រឧបត្ថម្ភធនធាន សម្ភារៈ មធ្យោបាយក្នុងការឆ្លើយតបគ្រោះមហន្តរាយ នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន…

(ភ្នំពេញ)៖ ក្នុងសារលិខិតក្នុងឱកាសទិវាគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា ការរួមចំណែកគាំទ្រឧបត្ថម្ភធនធាន សម្ភារៈ មធ្យោបាយ និងថវិកាពីសំណាក់ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ សប្បុរសជន ក្នុងការឆ្លើយតបគ្រោះមហន្តរាយ នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ដើម្បីរួមគ្នាការពារសុខសុវត្ថិភាព សេដ្ឋកិច្ច សង្គមជាតិទាំងមូល។
ក្នុងសារលិខិតដដែល សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រីបានឱ្យដឹងថា រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាពខ្ពស់លើការងារគ្រប់គ្រងគ្រោះមហន្តរាយ ដោយបន្តរក្សានិងបង្កើនភាពធន់នឹងគ្រោះមហន្តរាយ តាមរយៈការវិនិយោគជារួមទៅលើកំណើនសេដ្ឋកិច្ច សង្គមជាពហុវិស័យប្រកបដោយបរិយាបន្ន ដែលជាឆ្អឹងខ្នងនៃសមត្ថភាពជាតិក្នុងការគ្រប់គ្រង និងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ជាមួយនឹងការវិនិយោគដោយឡែកផ្ទាល់ទៅលើវិស័យជួរមុខក្នុងការកសាងសមត្ថភាពឆ្លើយតបនៅគ្រប់កម្រិត ទាន់ពេលវេលា មានប្រសិទ្ធភាព និងអាចស្តារឡើងវិញបានយ៉ាងឆាប់រហ័សក្រោយគ្រោះមហន្តរាយ រួមមាន៖ កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ពន្ធ នគរូបនីយកម្ម បរិស្ថាន អប់រំ និងសេវាសង្គ្រោះបន្ទាន់ សុខាភិបាល។ល។ ដែលក្នុងនោះគ្រប់ភាគីពាក់ព័ន្ធសំខាន់ៗទាំងអស់ត្រូវធ្វើសកម្មភាពដោយមានការសម្របសម្រួលរវាងក្រសួង-ស្ថាប័នរដ្ឋ ផ្នែកសាធារណៈ-ឯកជន ដៃគូអភិវឌ្ឍ សង្គមស៊ីវិល សហគមន៍ និងពលរដ្ឋគ្រប់រូប តាមរយៈការរួមបញ្ចូលទៅក្នុងតួនាទី និងការទទួលខុសត្រូវរបស់ស្ថាប័ន ការប្រកបវិជ្ជាជីវៈនិងធុរកិច្ចនៅក្នុងវិស័យនីមួយៗ ក្នុងស្មារតីកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការកសាងភាពធន់នឹងគ្រោះមហន្តរាយនៅក្នុងបរិបទនៃកាលៈទេសៈ សមត្ថភាព និងដែនសមត្ថកិច្ចរៀងៗខ្លួន។
សម្ដេចបវរធិបតីបន្តថា ការគ្រប់គ្រងគ្រោះមហន្តរាយជាការងារពហុវិស័យ ជាការងារប្រទាក់ក្រឡាពាក់ព័ន្ធស្ទើរគ្រប់ទិដ្ឋភាពសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ ដែលត្រូវធ្វើឡើងប្រកបដោយបរិយាបន្ន។ ហេតុនេះគ្រប់វិស័យសុទ្ធតែជាប់ពាក់ព័ន្ធត្រូវរួមចំណែកដោយផ្ទាល់ ឬដោយប្រយោលក្នុងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ។
សម្ដេចបវរធិបតីបន្តទៀតថា «បន្ថែមលើនេះ ការរួមចំណែកគាំទ្រឧបត្ថម្ភធនធាន សម្ភារៈ មធ្យោបាយ ថវិកាដល់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការឆ្លើយតបគ្រោះមហន្តរាយពីសំណាក់ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍ សប្បុរសជន នៅតែជាភាពចាំបាច់ដែលមិនអាចកាត់ផ្តាច់បាន ដែលមែនត្រឹមតែជាកិច្ចការមនុស្សធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាជាចំណែកមួយនៃការវិនិយោគ ដែលពលរដ្ឋធ្វើឡើងជាមួយអាជ្ញាធរដើម្បីរួមគ្នាការពារសុខសុវត្ថិភាព សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិទាំងមូល»។
លើសពីនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានរៀបចំឡើងផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ឆ្នាំ២០២៤-២០២៨ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដោយភ្ជាប់ទំនាក់ទំនងរវាងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ដែលបានដាក់ចេញនូវគោលដៅយុទ្ធសាស្ត្រចំនួន៤ និងកម្មវិធីអាទិភាពចំនួន១៨ ដើម្បីអនុវត្ត។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងលិខិតក្នុងឱកាសទិវាគ្រប់គ្រងគ្រោះមហន្តរាយ ១៣ តុលា៕




