ប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនទ្រង់ទ្រាយធំ ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តនិងក្រុងសិរីសោភ័ណឃាត់ខ្លួនបាន.!!!


ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលក្រុងសិរីសោភ័ណ ដឹកនាំផ្ទាល់ដោយវរសេនីយ៍ទោ ង៉េង សុជា ស្នងការរង ទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀន ចុះឃាត់ខ្លួនសង្ស័យ២នាក់ប្តីប្រពន្ធ និងដកហូតបានវត្ថុតាង ថ្នាំញៀនមួយចំនួនធំ នៅចំណុច ភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង០១និង១០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ រួចនាំខ្លួនមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។


លោក ង៉េង សុជា បានបញ្ជាក់អោយដឹងទៀតថា៖ ការឃាត់ខ្លួនប្តីប្រពន្ធ២នាក់លួចលក់ថ្នាំញៀនជាទ្រង់ទ្រាយធំនេះ បានអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្ត លោកបានឲ្យកម្លាំងនគរបាលជំនាញ ក៏ដូចជាកម្លាំងនគរបាលក្រុង ស្រុក និងវរសេនាតូចការពារព្រំដែនគោកទាំង៤ ចាត់វិធានការស៊ើបអង្កេតស្រាវជ្រាវចំពោះបទល្មើសគ្រឿងញៀន អោយដូចជាភ្លៀងរលឹម អោយអស់ពីមូលដ្ឋានរបស់ខ្លួនក្រោបក្តាប់។
ក្រោយពីបានទទួលបទបញ្ជាហើយ កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀននិងកម្លាំងនគរបាលអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានធ្វើការស៊ើបអង្កេតតាមវិធានការជំនាញឈានដល់ការបង្រ្កាបមុខសញ្ញាសង្ស័យលួចលក់ថ្នាំញៀនបាន២នាក់ប្តីប្រពន្ធ មានឈ្មោះ ឈិន សំពៅ ភេទប្រុសអាយុ៥១ឆ្នាំ ជាប្តី និងប្រពន្ធឈ្មោះ ទុយ សុភា អាយុ៤៧ឆ្នាំ មានទៅលំនៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ពណ៌ផ្កាឈឈូក មានអក្សរ wy លើគ្រាប់ថ្នាំម្ខាង ចំនួន៣១ថង់ ពណ៌ខៀវ ស្មើ៦.០០៥គ្រាប់ ក្នុងនោះថ្នាំញៀនគ្រាប់ពណ៌បៃតងចំនួន៦០គ្រាប់មានទម្ងន់៥៤០,៤៥ក្រាម និងថ្នាំញៀនប្រភេទម្សៅក្រាម ពណ៌សថ្លា ចំនួន០៥ថង់ មានទម្ងន់ ១៤៣,២២ក្រាម រួមទាំងសម្ភារៈមានទូរស័ព្ទដៃចំនួន០២គ្រឿង ធុងទឹកកកពណ៌ក្រហមដែលជនសង្ស័យលាក់ទុកថ្នាំញៀនចំនួន១កាបូបក្រណាត់១ បំពង់កែវចំនួន១ និង សំបកវេចខ្ចប់មួយចំនួនទៀត ។

លោកបានបន្តថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំងនេះខ្លួនបានពីមិត្តភ័ក្រ្តរបស់គេយកមកលក់បន្តនៅក្នុងខេត្តពិតប្រាកដមែន។ ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធ រួមនិងមានវត្ថុតាងជាក់ស្តែង លោក ង៉េង សុជា នគរបាលជំនាញប្រឆាំងបទល្មើសគ្រឿងញៀនកំពុងរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram