ឯកឧត្តម នាយឧត្តមសេនីយ៍មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែង…..
ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា
សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន៤,៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨,៩២៧នាក់ ក្នុងរយៈពេល៥ខែឆ្នាំ២០២០ភ្នំពេញ ៖ រយៈពេល៥ខែដើមឆ្នាំ២០២០នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀន បានចំនួន៤,៥១០ករណី ឃាត់ខ្លួនជនសង្ស័យ ៨,៩២៧នាក់ រឹបអូសគ្រឿងញៀន បានជាង២០៩គីឡូក្រោម ក្នុងការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៥ ។
នេះបើតាមឯកឧត្តម នាយឧត្តមសេនីយ៍មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៦ ខែមិថុនា។
ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានកំណត់ឡើងដោយមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីឆ្នាំ១៩៨៧ ត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗដើម្បីបន្តពញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹកដល់ជនគ្រប់រូបអោយយកចិត្តទុកជាប្រចាំ និងចូលរួមឱ្យកាន់តែសកម្មថែមទៀតក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងដោះស្រាយរាល់បញ្ហាដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
សម្រាប់ឆ្នាំ២០២០នេះ ការប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើឡើងក្រោមប្រធានបទ ការយល់ដឹងច្បាស់លាស់ នាំឱ្យការថែទាំមានប្រសិទ្ធភាព ក្នុងបំណងក្រើនរំលឹកបំផុសដាស់តឿន ឱ្យជនគ្រប់រូបយល់ដឹងពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀនខុសច្បាប់។
ក្នុងពិធីដុតបំផ្លាញគ្រឿងញៀន ស្ថិតនៅកោះពេជ្យ នៅថ្ងៃទី២៦ ខែមិថុនានេះ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា ការបង្ក្រាបគ្រឿងញៀនខុសច្បាប់ នៅពេលនេះ គឺមានថយចុះ ប៉ុន្តែការឃាត់ជនល្មើសមានការកើនឡើង។ការកើនឡើងនេះ គឺដោយសារជំងឺកូវីដ-១៩ បិទព្រំដែន មិនអោយប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ និងការផ្អាកក្លឹបកំសាន្តជាដើម។
ដើម្បីបង្កើនប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅឆ្នាំ២០២០នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រួមជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធបានដាក់ចេញវិធានមួយចំនួនដូចជា ៖
-ការអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្តាត់ និងបដិសេធគ្រឿងញៀន
-ការព្យាបាល ស្តារនីតិសម្បទា បណ្តុះបណ្តាលវិជ្ជាជីវៈ បំណិនជីវិត ការធ្វើសមាហរណកម្ម និងចាកចេញពីគ្រឿងញៀន-ការពង្រឹងប្រសិទ្ធភាពស្ថាប័នអនុវត្តច្បាប់
-ការត្រួតពិនិត្យសារធាតុផ្សំគីមីផ្សំ
-កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយប្រទេសជាប់ព្រំដែន
-និងការពង្រឹងយន្តការត្រួតពិនិត្យគ្រឿងញៀននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាដើម៕




