សម្តេចតេជោ ហ៊ុន សែន អះអាងថា បងប្រុស ហ៊ុន សាន ទទួលដំណឹងមរណភាព សម្ដេចទេពញាណ ហ៊ុន ណេង ហើយស្រឡាំងកាំង ញ័រដៃ

(ភ្នំពេញ)៖ លោក ហ៊ុន សាន បងប្រុសសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២នេះ ទើបតែទទួលដំណឹងពីមរណភាព សម្ដេចទេពញាណ ហ៊ុន ណេង ប៉ុន្តែក្រោយទទួលដំណឹងដ៏ក្រៀមក្រំនេះ លោក ហ៊ុន សាន បានពោលពាក្យថា «ហេតុអីមិនប្រាប់គាត់ឲ្យដឹងផង»។


Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «ដោយសុខភាពបងប្រុសទីមួយបានប្រសើរ ព្រមទាំងពេលវេលាក៏សមស្រប ខ្ញុំបានណែនាំប្អូនៗ និងក្មួយៗ យកដំណឹងអំពីមរណភាព បងប្រុសទីពីរជំរាបគាត់។ ប្រតិកម្មដំបូងក្រោយទទួលព័ត៌មានថាប្អូនស្លាប់ គឺភាពស្រឡាំងកាំង ញ័រដៃ ភ្នែកឡើងក្រហមនិងពោលពាក្យដដែលៗថា ហេតុអីមិនប្រាប់គាត់»។
សម្តេចតេជោរៀបរាប់បន្តថា «ក្រោយការពន្យល់របស់ប្អូនៗនិងក្មួយៗ គាត់យល់តែអ្វីដែលបារម្ភ គឺក្រោយពេលប្អូនៗ និងក្មួយៗចេញផុតមកគាត់អង្គុយយំ និងពិសារគុយទាវតែ២ម៉ាត់គត់។ គាត់បាននិយាយថាប្អូនគាតមិនមានជំងឺអ្វីសោះ និងបន្តនិយាយថាហេតុអីមិនប្រាប់គាត់។ ខ្ញុំកំពុងឱយក្មួយៗតាមដាន និងលួចថតរូបគាត់ផ្ញើមកខ្ញុំ។ គាត់ពិតជាពិបាកទទួលយកនូវរឿងបែបនេះណាស់ ព្រោះនេះជាការវាយប្រហារខាងផ្លូវចិត្តខ្លាំងបំផុតសម្រាប់គាត់»។
សូមជម្រាបថា សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម សមាជិកអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការទី៤នៃរដ្ឋសភា បានទទួលមរណភាពកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ដោយរោគាពាធ ក្នុងជន្មាយុ៧២ឆ្នាំ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram