អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ច្រានចោលសារសំឡេង ដែលផ្សព្វផ្សាយគ្មានការពិតថា មានការបិទរាជធានីភ្នំពេញ…

ភ្នំពេញ៖ ក្រោយមានសម្លេងមួយ បានចែកចាយក្នុងបណ្តាញសង្គមយ៉ាងព្រោងព្រាតថា រាជធានីភ្នំពេញ នឹងត្រូវបិទនៅយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ, អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានចេញមកបញ្ជាក់ថា នេះជាដំណឹងក្លែងក្លាយ ពោលរាជធានីភ្នំពេញ មិនទាន់មានការសម្រេចឲ្យបិទនោះទេ គិតត្រឹមល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ។


លោក ម៉េត មាសភក្ដី បានបញ្ជាក់ថា៖ «គិតត្រឹមល្ងាចនេះ រាជធានីភ្នំពេញ មិនទាន់មានការសម្រេចណាមួយឲ្យបិទនោះទេ។ សូមប្រជាពលរដ្ឋកុំមានការយល់ច្រឡំ និងឈប់ចែកចាយដំណឹងក្លែងក្លាយបន្តទៀត»។


សូមជម្រាបថា ៖កម្ពុជាកំពុងជួបប្រទះនឹងករណីឆ្លងកូវីដ១៩ ជាលក្ខណៈសហគមន៍ ២០កុម្ភៈ ដែលជាករណីឆ្លងធ្ងន់ធ្ងរបំផុតមិនធ្លាប់មាន។ មកដល់ពេលនេះ ករណីឆ្លងសហគមន៍ ២០កុម្ភៈ មិនទាន់ធូរស្រាលនៅឡើយ ប្រការនេះជាការបង្ខំឲ្យតំបន់ និងទីតាំងមួយចំនួន ត្រូវបិទជាបណ្តោះអាសន្ន។


គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៣២៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៧៣០នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៥៩២នាក់, ស្លាប់ដោយសារកូវីដ១៩ម្នាក់ និងពីរនាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram