ពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិនិងប្រគល់ប័ណ្ណសរសើរជូនមន្រ្តីនគរបាលជាតិនៅស្នងការនគរបាលខេត្តពោធិ៍សាត់ ………………………………………………..
ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃ សុក្រ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរជូនមន្រ្តីនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដោយមានវត្តមានលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរងផែនការងារជំនាញទាំងអស់ លោកនាយ នាយរងការិយាល័យជំនាញដែលពាក់ព័ន្ធ និងលោកអធិការ អធិការរងនគរបាលក្រុង-ស្រុកទាំង៧ អញ្ជើញចូលរួមផងដែរ។
ការប្រកាសផ្ទេរភារកិច្ចនិងតែងតាំងមុខតំណែងជូនមន្ត្រីនគរបាលជាតិមានចំនួន៩៩នាក់ ស្រី១០នាក់ ដែលមានតួនាទីជានាយ នាយរងផ្នែក និងជានាយ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល។ ការបំពាក់ឋានន្តរស័ក្តិជូនដល់មន្ត្រីនគរបាលជាតិមានចំនួន១៤០នាក់៖
-ថ្នាក់អនុសេនីយ៍ឯកមានចំនួន៧២នាក់ ស្រី១៦នាក់។
-ថ្នាក់អនុសេនីយ៍ទោចំនួន២៩នាក់ ស្រី២នាក់។
-ថ្នាក់អនុសេនីយ៍ត្រីចំនួន៣៣នាក់ ស្រី៩នាក់។
-និងថ្នាក់ព្រិន្ទបាលឯកចំនួន៦ស្រី០នាក់ ។
នៅក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ស្នងការ សារុន ចាន់ធី ក៏បានថ្លែងអបអរសាទរចំពោះកងកម្លាំងនគរបាលទាំងអស់ដែលទើបទទួលបាន ពិធីប្រកាសតែងតាំងមុខតំណែង បំពាក់ឋានន្តរស័ក្តិ និងប្រគល់ប័ណ្ណសរសើរនាពេលនេះ និងបានជូនពរឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ឲ្យក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គមជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ។
ទន្ទឹមនឹងនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានសង្កត់ធ្ងន់ដល់កងកម្លាំងដែលទើបទទួលបានការលើកទឹកចិត្តពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ត្រូវតែខិតខំស្វែងយល់អំពីច្បាប់ផ្សេងៗទៀតដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងនិងធ្វើជាគំរូគេក្នុងការអនុវត្តច្បាប់។
ជាពិសេសត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដែលកំពុងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ស្របទៅតាមអនុក្រឹត្យលេខ៣៩ថ្មី និងត្រូវធ្វើជាគំរូដល់ប្រជាពលរដ្ឋ ក្នុងគោលបំណងដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅតាមដងផ្លូវឲ្យមកនៅកំរិតទាបបំផុត និងត្រូវបន្តអនុវត្តតាមសេចក្តីណែនាំរបស់អគ្គស្នងនគរបាលជាតិដោយត្រូវមានកម្លាំងប្រចាំបញ្ជា២៤/៧ នៅតាមអង្គភាពរបស់ខ្លួនដើម្បីធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងរាជរដ្ឋាភិបាលឲ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ស្នងការក៏បានផ្តាំផ្ញើដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តសូមឲ្យបន្តការប្រុងប្រយ័ត្នពីការឆ្លងរីករាលដាល នៃជម្ងឺកូវិត១៩ ដោយអនុវត្តវិធានការអនាម័យទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕










