រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃកម្ពុជា កោតសរសើរដល់ក្រុមហ៊ុនចិន ដែលយកចិត្តទុកដាក់ខ្ពស់លើ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ
(ភ្នំពេញ)៖ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនៃប្រទេសកម្ពុជា បានកោតសរសើរដល់ក្រុមហ៊ុនចិនដែលកំពុងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោថា ខិតខំសហការជំរុញការសាងសង់ប្រកបដោយគុណភាព ដំណើរទៅមុខដោយរលូន ពុំមានអ្វីរាំងស្ទះ បើទោះបីជាស្ថិតក្នុងការរីករាលដាលនៃជំងឺកូវីដ ក៏ដោយ។

ក្នុងពេលអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់ពី ដំណើរការសាងសង់អាកាសយានដ្ឋាន អន្តរជាតិតេជោ នាព្រឹកថ្ងៃទី១៤ មិថុនា ២០២២ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានផ្តល់កិច្ចសម្ភាសន៍ដល់ ក្រុមអ្នកសារព័ត៌មានថា ការសាងសង់ជារួម នៃអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេចបាន ៣០ភាគរយហើយ។ បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ការសាងសង់នៅតែបន្តដំណើរការជាប្រក្រតី ពុំមានការរាំងស្ទះទេ។
ឯកឧត្តមបន្ថែមទៀតថា តាមគម្រោង ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងបញ្ចប់រួចរាល់ នៅ២០២៤ ហើយដាក់ឱ្យដំណើរការជាផ្លូវការ នៅដើមឆ្នាំ២០២៥។ ឯកឧត្តមបន្តថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានចាប់ផ្តើមដំណើរកសាងសង់ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ មានទីតាំងស្ថិតនៅខេត្តកណ្តាល ស្ថិតនៅខាងត្បូងរាជធានីភ្នំពេញមួយនេះ គឺជាអាកាសយានដ្ឋានលំដាប់អន្តរជាតិ ប្រភេទ 4F អាចឲ្យយន្តហោះខ្នាតយក្ស ចុះចតបាន ជាអាកាសយានដ្ឋានប្រវត្ថិសាស្ត្រ ប្រើប្រាស់រាប់រយឆ្នាំ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ សង្ឃឹមយ៉ាងមុតមាំថា នៅពេលដាក់ឲ្យដំណើរការអាកាសយានដ្ឋានអន្តរជាតិនេះ នឹងមានក្រុមហ៊ុនហោះហើរផ្លូវឆ្ងាយជាច្រើន ចាប់អារម្មណ៍ធ្វើការហោះហើរមកកាន់កម្ពុជា ដែលនឹងក្លាយជាមជ្ឈមណ្ឌលមួយ ក្នុងការផ្ទេរអ្នកដំណើរ ទៅកាន់ប្រទេសផ្សេងៗក្នុងតំបន់។
នៅពេលសួរពីការវាយតម្លៃលើការសាងសង់របស់ក្រុមហ៊ុចិន ទទួលបន្ទុកសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានកោតសរសើរដល់ក្រុមហ៊ុនចិន ដែលយកចិត្តទុកខ្លាំងលើការសាងសង់ប្រកបដោយគុណភាព ក្នុងនោះ ក្រុមហ៊ុនមានការត្រួតពិនិត្យលើគុណភាពសំណង់ទាំងអស់ ច្បាស់លាស់តាមដំណាក់កាល។ ក្រុមហ៊ុនចិនក៏មានកិច្ចសហការ ជាមួយមន្ត្រីជំនាញនៃស្ថាប័ននៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលជួយត្រួតពិនិត្យបច្ចេកទេសនៃការសាងសង់ ព្រមទាំង ក្រុមហ៊ុនរចនាប្លង់ អង់គ្លេស ដូច្នេះ គុណភាពនៃការសាងសង់អាកាសយានដ្ឋាននេះ គឺត្រូវតែជាលំដាប់អន្តរជាតិ។ «ជាក់ស្តែង យើងឃើញហើយថា ទាំងអ្នកសារព័ត៌មានឃើញថាតើ សកម្មភាព គុណភាព យ៉ាងម៉េច…គាត់ (ក្រុមហ៊ុនចិន) គាត់ធ្វើទាំងអស់ គឺគាត់មានលំដាប់ថ្នាក់ដឹកនាំរបស់គាត់ សម្រាប់ត្រួតពិនិត្យ លើគុណភាពសំណង់ទាំងអស់»។
គួរបញ្ជាក់ថា ក្រុមហ៊ុន China Construction Midland (CCM) បាននិងកំពុងសាងសង់ អគារចំណតអ្នកដំណើរ (Passenger Terminal Building) ដែលសម្រេចបាន ៣០ភាគរយ។ ក្រៅពីនេះ ក្រុមហ៊ុនក៏ជាអ្នកទទួលបន្ទុកសាងសង់ មជ្ឈមណ្ឌលថាមពល និង ផ្លូវរត់របស់យន្តហោះ ព្រមទាំងផ្នែកផ្សេងៗទៀត នេះបើតាម លោកឆារស៍ វ៉ាន់ អគ្គនាយករង ក្រុមហ៊ុន OCIC និងប្រធានក្រុមហ៊ុន Cambodia Airport Investment (CAIC) ដែលបានបញ្ជាក់ នាពេលនោះ។
បើតាមលោកឆារស៍ វ៉ាន់ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ មាន៣ដំណាក់កាល ក្នុងនោះដំណាក់កាលដំបូង ក្រុមហ៊ុនបាននឹងកំពុងសាងសង់ផ្លូវរត់ចំងាយ៤ គ.ម សម្រាប់ចុះចតយន្តហោះខា្នតយក្ស 4F និងមានសមត្ថភាពទទួល អ្នកដំណើរបានជាង ១៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៣០ ហើយដំណាក់កាលទី២ ក្រុមហ៊ុននឹងពង្រីកសាងសាងអាចទទួល អ្នកដំណើររហូតដល់ ៣០លាននាក់ ក្នុង១ឆ្នាំនៅឆ្នាំ២០៥០ និងដំណាក់កាលទី៣ បន្តពង្រីកសាងសង់ ដើម្បីទទួលអ្នកដំណើរជាតិអន្តរជាតិអោយបាន ៤៥លាននាក់ក្នុង១ឆ្នាំ នៅឆ្នាំ២០៥០តទៅ៕










