ពលរដ្ឋនាំគ្នាផ្អើលទៅជីករករ៉ែមាស នៅភ្នំមួយ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែមន្ត្រីជំនាញ ប្រាប់អោយបញ្ឈប់ ព្រោះជាអំពើល្មើសច្បាប់និងគ្រោះថ្នាក់!!!

ព្រះសីហនុ៖មានប្រជាពលរដ្ឋជាច្រើននាក់ បានសម្រុកនាំគ្នាផ្អើលទៅជីកកកាយរករ៉ែមាស នៅភ្នំមួយ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ម្សិលមិញនេះ ។
ប៉ុន្តែ បើតាមមន្ត្រីជំនាញ បញ្ជាក់ថា នេះមិនមែនជារ៉ែមាសអ្វីនោះទេ ហើយប្រាប់អោយប្រជាពលរដ្ឋបញ្ឈប់សកម្មភាព នេះ ព្រោះជាអំពើល្មើសច្បាប់និងអាចមានគ្រោះថ្នាក់។

ប្រជាពលរដ្ឋ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថា ពួកគេឮគេនិយាយតៗគ្នាថា មានរ៉ែមាស នៅចំណុចភ្នំមួយកន្លែង នេះ ។
ពួកគេបានចូលទៅជីករករ៉ែមាសនេះ ដោយឃើញជាប្រភេទថ្មពណ៌តូចៗ ក្នុងនោះអ្នកខ្លះជីកបានតិច អ្នកខ្លះជីកបានច្រើន ។ ប៉ុន្តែពួកគេមិនទាន់ប្រាកដ ថា មានតម្លៃបែបណានៅឡើយ ។

ប៉ុន្តែបើតាម មន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ អះអាងថា នេះមិនមែនជារ៉ែមាសអ្វីទេ ហើយបានអំពាវនាវសូមអោយប្រជាពលរដ្ឋ បញ្ឈប់សកម្មភាព នេះ ថែមទៀតផង ។

យោងតាមមន្ទីររ៉ែនិងថាមពលខេត្តព្រះសីហនុ បានបញ្ជាក់ទៀត ថា «សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងមានការភ័ន្តច្រឡំ មកជីកយកថា ជាប្រភេទរ៉ែមាស នៅចំណុចភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

តាមការវាយតម្លៃបឋមវាមិនមែនជារ៉ែមាសទេ គឺ វាជាប្រភេទរ៉ែ ពីរីត ដែលជាបណ្ដុំនៃសមាសធាតុដែក និង ស្ពាន់ធ័រ ដែលមានពណ៌ភ្លឺផ្លេក លឿង ឬ ស ស្រដៀងនឹងមាសតែប៉ុណ្ណោះ វាពុំមានសក្ដានុពលសេដ្ឋកិច្ច ឬ មានតម្លៃអ្វីសម្រាប់ធ្វើអាជីវកម្មទេ ។

សូមបងប្អូនបញ្ឈប់សកម្មភាពនេះជាបន្ទាន់ នេះជាសកម្មភាពល្មើសច្បាប់ ហើយសកម្មភាពនេះអាចបង្កឲ្យគ្រោះថ្នាក់ដ៏អាយុជីវិតរបស់បងប្អូន»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram