FA កំពុងស៊ើបអង្កេត លើការលុកលុយទីលានប្រកួត ដោយថ្កោលទោស «អាកប្បកិរិយាប្រឆាំងសង្គម» ពីអ្នកគាំទ្រ

(ឡុងដ៍)៖ សមាគមបាល់ទាត់អង់គ្លេស (FA) បាននឹងកំពុងធ្វើការស៊ើបអង្កេត លើឧប្បតិ្តហេតុទាំងអស់របស់អ្នកគាំទ្រ ដែលបានលុកលុយទីលានប្រកួត និងបានថ្កោលទោស «អាកប្បកិរិយាប្រឆាំងសង្គម» របស់ពួកគេ ថាជាការមិនអាចទទួលយកបានទាំងស្រុង។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។
សេចក្តីថ្លែងការណ៍របស់ FA បានធ្វើឡើង បន្ទាប់ពីក្រុមអ្នកគាំទ្រក្លិប Everton បានរត់ចូលទីលានប្រកួតនៅឯកីឡដ្ឋាន Goodison Park ក្រោយពីការស៊ុតបាល់បញ្ចូលទីនៅនាទីទី៨៥ របស់កីឡាករ Dominic Calvert-Lewin និងនៅពេលការផ្លុំកញ្ចែចុងក្រោយនៃការឈ្នះក្នុងលទ្ធផល ៣-២ កាលពីថ្ងៃព្រហស្បតិ៍លើក្រុម Crystal Palace ដែលធានាកៅអីក្រុមរបស់ពួកគេនៅក្នុងលីគ Premier League សម្រាប់រដូវកាលក្រោយទៀត។
អ្នកចាត់ការក្លិប Palace លោក Patrick Vieira ក៏បានជាប់ពាក់ព័ន្ធក្នុងជម្លោះជាមួយនឹងអ្នកគាំទ្រម្នាក់ផងដែរ នៅពេលដែលលោកកំពុងដើរ ឆ្ពោះទៅកាន់បន្ទប់ប្តូរសម្លៀកបំពាក់ បន្ទាប់ពីការផ្លុំកញ្ចែបញ្ចប់ការប្រកួត។
«យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអាកប្បកិរិយាប្រឆាំងសង្គម ពីក្រុមអ្នកគាំទ្រ នៅពេលដែលយើងឈានដល់ចុងបញ្ចប់នៃរដូវកាល» នេះបើតាម FA បានឲ្យដឹងនាថ្ងៃសុក្រម្សិលមិញ។
«កីឡដ្ឋានបាល់ទាត់ គួរតែជាទីកន្លែងសុវត្ថិភាព និងរីករាយសម្រាប់មនុស្សគ្រប់គ្នា ហើយឧប្បត្តិហេតុទាំងអស់នេះ ពិតជាមិនអាចទទួលយកបានទាំងស្រុង ហើយមិនមានកន្លែងនោះទេនៅក្នុងការប្រកួតរបស់យើង»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram