ក្រសួងមហាផ្ទៃ បន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួង ពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្មលេីផ្នែកទី៥…
នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនា ឆ្នាំ២០២០នេះ ក្រសួង មហាផ្ទៃ បានបន្ដរៀបចំកិច្ចប្រជុំអន្ដរក្រសួង ពិនិត្យ និងពិភាក្សា លើ សេចក្ដីព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋានស្ថិតិអត្រានុកូលដ្ឋាន និង អត្តសញ្ញាណកម្មលេីផ្នែកទី៥ មាត្រា២៤ ស្ដីពីកំណើតរស់របស់ទារកដែលកើតក្រៅមូលដ្ឋានសុខាភិបាល ក្រោមអធិបតីភាព លោកជំទាវ ចាន់ សុទ្ធាវី រដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ និងជាប្រធានក្រុម ការងារ រៀបចំតាក់តែង សេចក្តី ព្រាងច្បាប់ ស្ដីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធាន ក្រុមការងារ ទី១ និងមានសមាជិក សមាជិកាក្រុមការងារ អ្នកជំនាញផ្នែកច្បាប់ ព្រមទាំង មន្រ្តីពាក់ ព័ន្ធជាច្រើនរូបផងដែរ។
នៅក្នុងឱកាសនោះ លោកជំទាវ ចាន់ សុទ្ធាវី មានប្រសាសន៍ថា «យើងបើកកិច្ចប្រជុំ ពិភាក្សា នាពេលនេះ ដោយសារបានឯកសារសេចក្ដីព្រាងច្បាប់ដំបូងដែលរៀបចំ ដោយ ឯកឧត្តម ម៉ៅ ច័ន្ទតារា ដឹកនាំក្រុមការងាររៀបចំជាមួយ ក្រសួងមហាផ្ទៃ ដើម្បី ឲ្យមាន សេចក្ដីព្រាងដំបូងមកដាក់ពិភាក្សានៅថ្ងៃនេះ»។
លោកជំទាវ ទទួលស្គាល់ថា ប្រសិនបើគ្មានសេចក្ដីព្រាងដំបូងទេ? នឹងគ្មានមូលដ្ឋានយកមកដាក់បញ្ជូលមកពិភាក្សាថ្ងៃនេះដែរ។ជាការពិតណាស់ នៅក្នុងសេចក្ដីព្រាងច្បាប់នីមួយៗ តែង តែមានចំណុចខ្វះខាត ដើម្បីមកប្រជុំបំពេញបន្ថែម ហើយធ្វើយ៉ាងណាឲ្យសេចក្ដីព្រាងមានប្រសិទ្ធភាពខ្ពស់។
ជាងនេះទៅទៀត លោកជំទាវ ចាន់ សុទ្ធាវី មានក្ដីសង្ឃឹមថា សេចក្ដីព្រាងច្បាប់ស្ដីពី អត្រានុ កូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម នឹងបញ្ចប់ឆាប់ៗនេះ ខណៈភាគីពាក់ព័ន្ធ តែងតែរៀបចំបើកកិច្ចប្រជុំពិភាក្សាគ្នារៀងរាល់ថ្ងៃពុធ តាមសប្ដាហ៍ នីមួយៗ។
សូមជម្រាបថា ច្បាប់នេះមានគោលបំណងដូចខាងក្រោម ៖
ទី១-ធានាឲ្យមានការចុះបញ្ជីអត្រានុកូលដ្ឋានជាកាតព្វកិច្ច ជាសកលដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី២-ធានាឲ្យមានការចុះបញ្ជីអត្តសញ្ញាណបុគ្គល ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៣-ធានាថាការចុះបញ្ជីស្នាក់នៅ ជាកាតព្វកិច្ច ជាសកល ដោយជាប់លាប់ និងជាអចិន្ដ្រៃយ៍។
ទី៤-ធានាឲ្យមនុស្សគ្រប់រូបមានអត្តសញ្ញាណខាងផ្លូវច្បាប់ តាមរយៈការចុះបញ្ជីអត្រានុ កូលដ្ឋាន និងការចុះបញ្ជីអត្តសញ្ញាណ ដោយផ្ដល់ចំពោះបុគ្គលម្នាក់ៗ នូវលេខ សម្គាល់ អត្តសញ្ញាណបុគ្គល។
និងទី៥-ធានានូវការគោរពសិទ្ធិមនុស្ស ការទទួលបានសេវាគ្រប់ប្រភេទ ហើយជា មូលដ្ឋាន សម្រាប់រៀបចំផែនការអភិវឌ្ឍន៍ និងការតាមដានភាពរីកចម្រើននៃសង្គម។
ជាងនេះទៅទៀត ច្បាប់នេះមានវិសាលាភាព អនុវត្តចំពោះជនគ្រប់រូបដែលនៅលើទឹក ដីនៃព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរដែលរស់នៅឯបរទេស៕






