កីឡាករលំដាប់អន្តរជាតិវ៉េល Brooks ថា លោកជាសះស្បើយពីជំងឺមហារីកវិញហើយ
(ខាឌីស)៖ កីឡាករក្នុងក្រុមជម្រើសជាតិវ៉េល និងក្លិប AFC Bournemouth, David Brooks បានឲ្យដឹងនៅថ្ងៃអង្គារថា លោកបានជាសះស្បើយហើយ ពីជំងឺមហារីក ដែលធ្វើការព្យាបាលជិត ៧ខែបន្ទាប់ពីរកឃើញថា មានទម្រង់នៃជំងឺមហារីកកូនកណ្តុរ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២។

កីឡាករវ័យ ២៤ឆ្នាំ ដែលត្រូវបានធ្វើរោគវិនិច្ឆ័យឃើញពីទម្រង់នៃជំងឺមហារីកកាលពីខែតុលានោះបានលើកឡើងថា លោកនឹងបន្តអាជីពបាល់ទាត់របស់លោកទៀត។
Brooks បានលេង ២១ប្រកួតសម្រាប់ក្រុមជម្រើសជាតិវ៉េល ជាមួយនឹងការបង្ហាញខ្លួនបាន ៩០ប្រកួតសម្រាប់ AFC Bournemouth ដែលកំពុងលេងនៅក្របខណ្ឌ Championship ចាប់តាំងពីចូលរួមជាមួយក្លិប ក្រោយផ្ទេរមកពី Sheffield United កាលឆ្នាំ២០១៨។
«កាលពីសប្តាហ៍មុន ខ្ញុំបានជួបជាមួយវេជ្ជបណ្ឌិតឯកទេស ដើម្បីត្រួតពិនិត្យលើលទ្ធផលធ្វើតេស្តចុងក្រោយរបស់ខ្ញុំ។ ខ្ញុំសូមបញ្ជាក់ថា ការព្យាបាល គឺបានទទួលជោគជ័យ ហើយឥឡូវខ្ញុំអាចនិយាយបានថា ឥឡូវនេះ ខ្ញុំបានជាសះស្បើយពីជំងឺមហារីកហើយ» Brooks បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយដែលបង្ហោះលើ Twitter។
Bournemouth បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី២ ក្នុងលីគ Championship ជាចំណុចឡើងដោយស្វ័យប្រវត្តិទៅកាន់លីគ Premier League ដោយមាន ៨៥ពិន្ទុ ក្រោយយកឈ្នះក្រុមភ្ញៀវ Nottingham Forest នាយប់មិញទៀត៕


