តើហេតុអ្វីបានជា Twitter បន្ទន់ឥរិយាបទយ៉ាងលឿនក្នុងការទទួលយកសំណើទិញក្រុមហ៊ុនពីសំណាក់ លោក Elon Musk?
(បរទេស)៖ ជុំវិញព័ត៌មាននៃការទិញយកបណ្ដាញសង្គម Twitter ពីសំណាក់កំពូលមហាសេដ្ឋី Elon Musk ក្នុង តម្លៃ ៤៤ពាន់លានដុល្លារអាមេរិកនៅតែជាដំណឹងក្ដៅ ព្រោះវាបានបង្កប់នូវចម្ងល់ជាច្រើន។ ដំបូងឡើង សំណើសុំទិញមួយនេះត្រូវបាន Twitter ច្រានចោល ប៉ុន្តែនៅពេល Elon Musk ស្នើសុំទិញម្ដងទៀត បែរ ជា ព្រមទទួលយកយ៉ាងឆាប់រហ័ស ព្រមទាំងគ្មានលក្ខខណ្ឌ។
ប្រភពផ្ទៃក្នុងរបស់ Twitter បានលួចបង្ហើបប្រាប់សារព័ត៌មាន Reuters ថា ក្រុមប្រឹក្សាភិបាល របស់ Twitter ព្រមទទួលយកសំណើទិញក្រុមហ៊ុនពីសំណាក់លោក Musk ក៏ព្រោះតែដើម្បី សម្រេចគោលដៅដែលបាន កំណត់ទុកជាយូរណាស់មកហើយ និងជាពិសេសគឺដើម្បីដោះស្រាយបញ្ហាជម្លោះផ្ទៃក្នុងដ៏រ៉ាំរ៉ៃ។
ក្រុមអ្នកវិនិយោគទុន ក៏ដូចជា Twitter ផ្ទាល់គឺបានកំណត់គោលដៅស្វែងរកប្រាក់ចំណូលហិញ្ញវត្ថុឱ្យបាន ខ្ពស់ បំផុតនៅឆ្នាំ២០២៣ខាងមុខ ប៉ុន្តែផែនការដែលបានបង្កើតឡើងតាំងពី២០១៨នេះ មិនអាច ឈាន ដល់ គោលដៅនោះទេ។ មូលហេតុចម្បងដែលមិនអាចឈានដល់គោលដៅ ត្រូវបានបុគ្គលិកជាន់ខ្ពស់ របស់ Twitter នាពេលបច្ចុប្បន្នទម្លាយប្រាប់ Reuters ថា មកពីដឹកនាំកំពូលៗខ្វះសមត្ថភាព និងបញ្ហាជម្លោះផ្ទៃ ក្នុងតាំងពីឆ្នាំ២០០៦។

គិតមកដល់ពេលនេះ ផែនការសម្រេចគោលដៅរបស់ Twitter នៅសល់តែជាងមួយឆ្នាំទៀតប៉ុណ្ណោះ ប៉ុន្តែ លទ្ធផលដែលខិតខំកន្លងមកវាមិនអាចរុញច្រាន Twitter ឱ្យទៅដល់ចំណុចដែលបានដៅទុកនោះទេ ដូច្នេះហើយទើប Twitter ត្រូវសម្រេចចិត្តផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំ។ ដំបូងឡើយ លោក Jack Dorsey ដែលជាសហស្ថាបនិក និងជាអតីតនាយកប្រតិបត្តិ (CEO) Twitter បានប្រគល់តំណែង CEO ឱ្យទៅលោក Parag Agrawal ដើម្បីកាច់ចង្កូតនាវាមួយនេះបន្ត ប៉ុន្តែគិតមកដល់ពេលនេះ ការឡើងកាន់តំណែងថ្មី របស់លោក Parag Agrawal ហាក់មិនបានធ្វើឱ្យ Twitter ជួបរឿងល្អប្រសើរឡើយ ខណៈដែល មានពាក្យ ចចាមអារ៉ាមផ្ទៃក្នុងថា លោក Parag Agrawal មិនសមធ្វើជា CEO នោះទេ ព្រោះលោកគ្មានសមត្ថភាព។
តើ Elon Musk នឹងមកកាន់តំណែងជា CEO របស់ Twitter មែនទេ? វាអាចមែន និងមិនមែន ព្រោះថា បញ្ហា ចម្បងដែល វិនិយោគិនរបស់ Twitter ចង់បាននោះគឺចង់ឱ្យមានមនុស្សម្នាក់មកកាច់ចង្កូតនាវា Twitter ឱ្យ ទៅដល់គោលដៅ និងដោះស្រាយវិបត្តិផ្ទៃក្នុង។ តើលោក Elon Musk ជាមនុស្សតែម្នាក់គត់ដែលអាច ដោះស្រាយបញ្ហាទាំងនេះមែនទេ? ប្រហែលជាអាច។ បើយើងក្រឡេកមើលឥរិយាបទ របស់ Twitter គឺបាន បន្ទន់ភ្លាម ក្រោយពេល Elon Musk បានដាក់សំណើសុំទិញក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក។ នោះគឺ មិនមែនមកពីក្រុម វិនិយោគិនចង់បានប្រាក់របស់ Elon Musk ប៉ុន្តែពួកគេចង់ឱ្យលោកដោះស្រាយបញ្ហាធំៗ ទាំងពីរខាងលើ។

មកដល់ចំណុចនេះ តើលោកអ្នកមានធ្លាប់បានគិតទេថា លោក Elon Musk និងក្រុមហ៊ុន Twitter បានជួប ពិភាក្សាគ្នាស្ងាត់ៗមុនពេលដែលសំណើសុំទិញត្រូវបានប្រកាសនៅលើអ៊ីនធើណេត?
បើតាមការបញ្ជាក់ពីប្រភពផ្ទៃក្នុងបានលើកឡើងថា ក្រុមប្រឹក្សាភិបាលរបស់ Twitter បានទុកចិត្ត លើសមត្ថភាពរបស់លោក Elon Musk ជាងលោក Parag Agrawal ដែលជានាយកប្រតិបត្តីនាពេលបច្ចុប្បន្ន។
លោក Ryan Jacob ប្រធានផ្នែកវិនិយោគនៅក្រុមហ៊ុន Jacob Asset Management ដែលកាន់កាប់ភាគហ៊ុនចំនួន ៧,៧លានដុល្លារក្នុង Twitter បាននិយាយថា ការប្រគល់តួនាទីនាយកប្រតិបត្តិទៅឱ្យអ្នកដឹកនាំដែល មិនមានសមត្ថភាពគឺជា ការបង្កើតហានិភ័យបន្ថែមសម្រាប់ Twitter ។
បុគ្គលិក Twitter ជាច្រើននាក់បានបង្ហើបឱ្យដឹងបន្ថែមទៀតថា បញ្ហាជំងឺរ៉ាំរ៉ៃនៃផ្ទៃក្នុង ភាពមិនច្បាស់លាស់ និងកង្វះទំនួលខុសត្រូវ បានកើតមានឡើងកាន់តែធ្ងន់ធ្ងរឡើង នៅក្នុងក្រុមហ៊ុន។

ក្រោយពេលកិច្ចព្រមព្រៀងរវាង Twitter និងលោក Musk បានប្រកាសជាផ្លូ វការ ស្រាប់តែលោក Dorsey បានចេញមុខមកថ្លែងសារអំណរគុណដល់ Musk ជាមួយនឹងខ្លឹមសារថា «ធ្វើឱ្យក្រុមហ៊ុនចេញពីស្ថានភាពដែលមិនអាចទៅរួច»។ គឺចង់បញ្ជាក់ថា វត្តមានរបស់លោ Musk នឹងធ្វើឱ្យ Twitter ល្អប្រសើរឡើង។
ចាប់តាំងពីឆ្នាំ ២០០៦មក ក្រុមហ៊ុន Twitter បានព្យាយាមដោះដូរថ្នាក់ដឹកនាំកំពូលៗ និងផ្ទៃក្នុង ជាច្រើនលើក និងច្រើនសារមកហើយ ប៉ុន្តែពួកគេនៅតែមិនអាចឈានដល់គោលដៅមួយដែលបានកំណត់បាន ហើយ បញ្ហាធំដែល ត្រូវបានបុគ្គលិក Twitter ទម្លាយចេញនោះគឺបញ្ហាថ្នាក់ដឹកនាំខ្វះសមត្ថភាព និងទំនូលខុសត្រូវ នៅលើផ្នែកសំខាន់ៗមួយចំនួន ដូចជា ផ្នែកផលិតផល, វិស្វកម្ម, បច្ចេកវិទ្យា និងប្រាក់ចំណូល។
សរុបជារួម មូលហេតុដែល Twitter ព្រមទទួលយកសំណើសុំទិញពីសំណាក់លោក Musk គឺអាចដោយសារ តែ Twitter បានមើលឃើញពីឱកាសចំណេញជាច្រើននៅនឹងមុខ ដូចជាទទួលបានលុយ ច្រើនសន្ធឹក សន្ធាប់, អាចដោះស្រាយបញ្ហាផ្ទៃក្នុងដែលកើតមានជាច្រើនឆ្នាំ, អាចឈានដល់គោលដៅដែលបានគ្រោងទុក និង ជាចុងក្រោយគឺអាចធ្វើឱ្យ Twitter ល្បីល្បាញជាងនេះ៕
