កីឡាករតេន្នីស Federer នឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Swiss Indoors នៅខែតុលា ក្រោយការវះកាត់ជង្គង់

(ប៊ើន)៖ កីឡាករ Roger Federer បានចុះឈ្មោះ ដើម្បីប្រកួតនៅក្នុងព្រឹត្តិការណ៍ដែលធ្វើឡើងក្នុងប្រទេសរបស់លោក នាទីក្រុង Basel ប្រទេសស្វីស នៅខែតុលាខាងមុខ។ នេះបើតាមអ្នករៀបចំកម្មវិធីបានប្រាប់ឲ្យដឹងនៅថ្ងៃអង្គារ ខណៈមានមន្ទិលបន្តកើតឡើង ថាតើម្ចាស់ពានរង្វាន់សំខាន់ៗចំនួន ២០លើករូបនេះ នឹងវិលត្រឡប់ចូលរួមប្រកួតនៅពេលណា ដោយសារតែបញ្ហារបួសជង្គង់របស់លោកនោះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នេះ។
អតីតកីឡាករលំដាប់លេខ១ របស់ពិភពលោកដែលនឹងឈានចូលវ័យ ៤១ឆ្នាំនៅខែសីហាខាងមុខនោះ មិនបានចូលរួមប្រកួតនោះទេចាប់តាំងពីខែកក្កដា ឆ្នាំមុន នៅពេលដែលលោកបានធ្លាក់ចេញពីព្រឹត្តិការណ៍ Wimbledon នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលប៉ះនឹងកីឡាករ Hubert Hurkacz។
Federer បានទទួលការវះកាត់ជង្គង់ទាំងពីររបស់លោកក្នុងឆ្នាំ២០២០ និងបានវិលត្រឡប់ចូលរួមប្រកួតវិញកាលពីឆ្នាំមុន ប៉ុន្តែបានទទួលការវះកាត់ជង្គង់ម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍ Wimbledon ដែលបានបង្ខំឲ្យរូបលោកខកខានពីការប្រកួតក្នុងពាក់កណ្តាលទី២ នៃរដូវកាល។
ព្រឹត្តិការណ៍ Swiss Indoors នឹងវិលត្រឡប់ចូលទៅក្នុងប្រតិទិនវិញ បន្ទាប់ពីអវត្តមាន ២ឆ្នាំ ដោយសារតែការរាតត្បាតពីជំងឺកូវីដ-១៩ ហើយគ្រោងនឹងធ្វើឡើង នៅចម្លោះថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែតុលាខាងមុខ។
Federer គឺជាម្ចាស់ពានរង្វាន់ ១០រដូវកាលក្នុងការប្រកួតនៅទីក្រុង Basel ហើយនឹងវិលត្រឡប់ទៅការពារពានរង្វាន់ជើងឯករបស់លោក នៅក្នុងព្រឹត្តិការណ៍ Swiss Indoors នេះ ជាទីកន្លែងដែលលោកមិនធ្លាប់ចាញ់នោះទេចាប់តាំងពីឆ្នាំ២០១៣មក៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram