ខ្សែការពារ Harry Maguire របស់ Manchester United រងការគំរាមដោយគ្រាប់បែក
(មេនឆេស្ទើ)៖ ប៉ូលិសតំបន់ Cheshire បានបើកការបោសសម្អាតផ្ទះរបស់កីឡាករ Harry Maguire បន្ទាប់ពីខ្សែការពាររបស់ក្លិប Manchester United និងក្រុមជម្រើសជាតិអង់គ្លេសរូបនេះ បានទទួលការគំរាមដោយគ្រាប់បែក។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។
Maguire ដែលរស់នៅជាមួយនឹងគូដណ្តឹងរបស់លោក និងកូន ២នាក់នោះ ត្រូវបានគេដឹងថា បានរងការគំរាមកំហែងយ៉ាងខ្លាំង។

អ្នកនាំពាក្យមួយរូបរបស់ Maguire បានលើកឡើងថា «ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ Maguire បានទទួលរងការគំរាមកំហែងយ៉ាងខ្លាំង ចំពោះផ្ទះគ្រួសាររបស់លោក»។
អ្នកនាំពាក្យរបស់កីឡាករវ័យ ២៩ឆ្នាំរូបនេះបានបន្ថែមថា ប៉ូលិសបាននឹងកំពុងធ្វើការចំពោះបញ្ហានេះ។
ការគំរាមកំហែងនេះបានកើតឡើង បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំង ចំពោះកីឡាករ Maguire នៃការលេងរបស់លោកនៅឯក្លិប United ក្នុងនោះរួមទាំងការប្រកួតចាញ់ ៤-០ កាលពីយប់ថ្ងៃអង្គារ ក្រោមថ្វីជើងក្រុម Liverpool ផងដែរ។
ខ្សែការពារដែលមានតម្លៃខ្លួន ៨០លានផោនរូបនេះបានទទួលរងការរិះគន់ទៅលើទម្រង់លេងអន់របស់លោក ថ្វីបើរូបលោកបាននិយាយការពារខ្លួនលោក នៅក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍ក្នុងសប្តាហ៍នេះដោយបានបញ្ជាក់ថា ទាំងអតីត និងអ្នកចាត់ការបច្ចុប្បន្ន លោក Ole Gunnar Solskjaer និងលោក Ralf Rangnick បានបន្តជ្រើសរើសរូបលោកសម្រាប់ការប្រកួត៕





