សាលាហ្វ៊ូតព្រីនអន្តរជាតិ ប្រារព្ធខួប ១៥ឆ្នាំ ដើម្បីអបអរចំពោះភាពជោគជ័យនៃការបង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ
(ភ្នំពេញ)៖ សាលាហ្វ៊ូតព្រីនអន្តរជាតិ បានរៀបចំប្រារព្ធពិធីខួបលើកទី១៥ឆ្នាំ ចំពោះភាពជោគជ័យនៃការបង្កើតសាលារៀនក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពី មាតាបិតាសិស្ស លោកគ្រូអ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្សជាច្រើននាក់ បានចូលរួមស្តាប់សេចក្ដីអធិប្បាយ ទស្សនាបទបង្ហាញ និងការសម្ដែងសិល្បៈផ្សេងៗ ជាច្រើនផងដែរ។

ក្នុងនាមជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលរបស់សាលាហ្វ៊ូតព្រីនអន្តរជាតិ លោកស្រីបណ្ឌិត កេង ច័ន្ទសុភ័ក្រ្ត បានបញ្ជាក់ឱ្យដឹងថា សាលាហ្វ៊ូតព្រីនអន្តរជាតិ បានបើកដំណើរការតាំងឆ្នាំ២០០៧ និងក្នុងរយៈពេល១៥ឆ្នាំ បន្ទាប់មកនេះ សាលាបានបន្តក្នុងការរីកធំធាត់ ដោយបានពង្រីកសាខាចំនួនពីរ ដែលសាខាទីមួយមានទីតាំង នៅទួលទំពូង និងមួយសាខាទៀតមានទីតាំងនៅទួលគោក ដែលមានចំនួនសិស្សសរុប ៨៨០នាក់ និងមានចំនួនបុគ្គលិកសរុប ២៤០នាក់។
ដោយស្ថិតក្នុងចំណោមកំពូលសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ដែលផ្ដល់ការអប់រំពីរកម្មវិធី សាលាហ្វ៊ូតព្រីនអន្តរជាតិ មានផ្ដល់ជូនការអប់រំរបស់ខេមប្រ៊ីជអន្តរជាតិ ក្នុងកម្មវិធីសិក្សាពីរភាសា ជាភាសាខ្មែរ និងជាភាសាអង់គ្លេស ចាប់ពីកម្រិតមុនមត្តេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ ដែលធ្វើឱ្យសិស្សានុសិស្សបានត្រៀម ខ្លួនរួចជាស្រេច ក្នុងការបន្តទៅសិក្សានៅមហាវិទ្យាល័យល្បីៗទាំងក្នុងប្រទេសកម្ពុជា និងក្រៅប្រទេស។
យោងតាមចក្ខុវិស័យផ្ទាល់ខ្លួន លោកស្រីបណ្ឌិត កេង ច័ន្ទសុភ័ក្រ្ត បានពន្យល់បកស្រាយអត្ថន័យនៃឈ្មោះរបស់សាលាថា ឈ្មោះ ហ៊្វូតព្រីន គឺជានិមិត្តសញ្ញាឥទ្ធិពល ការចងចាំដែលដក់នៅក្នុងជិវីតរបស់ពួកយើង នៅក្នុងជីវិតអ្នកផ្សេងទៀត នៅក្នុងក្រុមគ្រួសារ នៅក្នុងសង្គម និងនៅក្នុងពិភពលោក ហើយចង់ឱ្យឥទ្ធិពលទាំងនោះ ក្លាយជាឥទ្ធិពលវិជ្ជមានផងដែរ៕





