បុរសម្នាក់បើករថយន្តឡិចសុីស បត់ត្រលប់ក្រោយ ត្រូវរថយន្តដឹកទំនិញបុកពីក្រោយរងការខូចខាតយ៉ាងដំណំ បែជាបើករត់ទៅវិញ
ភ្នំពេញ: បុរសម្នាក់បើករថយន្ដ ឡិចសុីសrx450hមួយគ្រឿងបត់ត្រឡប់ក្រោយមិនប្រយ័ត្នត្រូវរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញធុនធំមួយគ្រឿងបុកពីក្រោយរងការខូចខាតយ៉ាងដំណំ រួចម្ចាស់រថយន្តឡិចសុីសបែជាបើករត់ចេញពីកន្លែងកើតហេតុទៅវិញ។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ៩យប់ថ្ងៃទី ២៧ ខែមីនាឆ្នាំ២០២២ នៅមុខចំណុចច្រកចូលផ្សាររតន:ផ្លាហ្សា តាមបណ្ដោយផ្លូវណតព្រីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តឡិចសុីស rx 450h មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ2BC-9759ធ្វើដំណើរទៅដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងត្រឡប់ក្រោយវិញ ខណះនោះក៏មានរថយន្តដឹកទំនិញធុនធំមួយគ្រឿងបើកម៉ាកហុីយ៉ាន់ដាយក្បាលពណ៌សពាក់ស្លាកលេខភ្នំពេញ3B-7854ធ្វើដំណើរមកពីក្រោយជ្រុលបុករថយន្តឡិចស៊ីសពីក្រោយពេញទំហឹងបណ្តាលឲ្យងការខូចខាតយ៉ាងដំណំរៀងខ្លួន ខណៈនោះគេឃើញមានវត្តមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញកំពុងធ្វើការវាស់វែងយករថយន្តមកអែបចិញ្ចើមផ្លូវដើម្បីកុំឲ្យមានការកកស្ទះចរាចរណ៍ និងឲ្យភាគីទាំងពីធ្វើការសម្រុះសម្រួលគ្នា ស្រាប់តែម្ចាស់រថយន្តឡិចសុីសបែជាបើករត់ចេញពីកន្លែងកើតហេតុទៅវិញ តែត្រូវបានបងប្អូនជារដ្ឋធ្វើការឃាត់ជាប់បានមកវិញ។

ក្រោយកើតហេតុសមត្ថកិច្ចបានឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នាបន្តទៀតដោយខាងភាគីរថយន្តឡិចសុីសបានប្រាប់សមត្ថកិច្ចថាមិនចង់មានរឿងវែងឆ្ងាយសូមយករថយន្តទៅជួសជុលដោយខ្លួនឯង ចំណែកភាគីខាងរថយន្តដឹកទំនិញក៍បានយករថយន្តទៅជួសជុលដោយខ្លួនឯងដែរ ដោយភាគីទាំងពីរបានបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕




