ប្រជាពលរដ្ឋសូមសំណូមពរដល់អាជ្ញាធរមូលដ្ឋានជួយធ្វើការបង្រ្កាបល្បែងបញ្ជុលមាន់ផង…

ខេត្តព្រៃវែង ៖ ប្រភពថ្មីៗពីប្រជាពលរដ្ឋនៅភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានអំពាវនាវឲ្យលោក ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ក្នុងមូលដ្ឋានពួកគាត់ជាបន្ទាន់។ តាមការអះអាងរបស់ប្រជាពលរដ្ឋក្នុងឃុំពោធិ៍ទី បានឲ្យដឹងថា ចាប់តាំងពីមានសង្វៀនបញ្ជល់មាន់និងវង់អាប៉ោងក្នុងភូមិស្វាយសាក់ នោះ គឺក្នុងមូលដ្ឋានពួកគាត់មានអំពើចោរកម្មនិងបទល្មើសផ្សេងៗកើតឡើងយ៉ាងពេញបន្ទុកបណ្តាលឲ្យ ប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍ទី និងអធិការនគរបាលស្រុកស៊ីធរកណ្តាល មិនចាត់វិធានការបង្ក្រាបសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងដែលមានអ្នកចូលរួមលេងយ៉ាងពពាក់ពពូននោះទេ។ ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំពោធិ៍ទី ជាបន្ទាន់ ដើម្បីឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។ ប្រភពខ្លះបានឲ្យដឹងថា ប្រសិនបើគ្មានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺល្បែងស៊ីសងខុសច្បាប់មិនអាចកើតឡើងយ៉ាងរាលដាលបានទេ។

ប្រជាពលរដ្ឋក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី បានឲ្យដឹងថា ក្នុងមួយថ្ងៃៗមានអ្នកជិះរថយន្តទំនើបៗមកពីខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ចូលរួមលេងល្បែងបញ្ជល់មាន់និងអាប៉ោង នៅក្នុងមូលដ្ឋានពួកគាត់យ៉ាងពពាក់ពពូន។ ម្ចាស់សង្វៀនបញ្ជល់មាន់និងវង់អាប៉ោងនៅភូមិស្វាយសាក់ ភូមិពោធិ៍ទី បានអួតអាងប្រាប់អតិថិជន របស់ខ្លួនថា ខ្លួនបានរត់ការបង់លុយឲ្យសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដូច្នេះគ្មានសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបនោះទេ។

ប្រការនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ជាបន្ទាន់ដើម្បីកុំឲ្យប៉ះពាល់ដល់សន្តិសុខសង្គមដោយមិនខ្វល់ពីការរិញគន់នឹងអ្វីទាំងអស់៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram