ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកសូទ្រនិគមទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប

(សៀមរាប)៖ ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ០៤គ្រួសារ នៅឃុំដំដែក និងឃុំសំរោ នៅស្រុកសូទ្រនិគម ខេត្តសៀមរាប ទទួលអំណោយមនុស្សធម៌ ពីកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដោយរលំ២ខ្នង និងរបើកដំបូល២ខ្នង។


ក្នុងឱកាសសំណេះសំណាលនឹងចែកអំណោយមនុស្សធម៌ នាចុងសប្ដាហ៍កន្លងទៅ លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះការខូចខាតផ្ទះសម្បែង ទ្រព្យសម្បត្តិ ដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ។ ថ្វីត្បិតតែអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខាតបង់ក៏ដោយ តែក៏អាចជួយសម្រាលទុក្ខបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោកនាយកសាខាកាកបាទក្រហម កម្ពុជា ខេត្តសៀមរាប ក៏បានក្រើនរំឮក និងអំពាវនាវសូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺកូវីដ-១៩ ឫក៏ជំងឺបំលែងថ្មីប្រភេទ (អូមីក្រុង) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមវិធាននានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខភិបាល ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនក្នុង១គ្រួសារទទួលបាន គ្រួសាររលំផ្ទះ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា២សែនរៀល ។ ចំណែកគ្រួសាររបើកដំបូលផ្ទះទទួលបាន ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ អាវយឺត២ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀលផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram