គ្រឿងសមុទ្រដែលមានភាពមិនប្រក្រតី សរុបចំនួន ១១ តោន ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ដកហូត !!!

ភ្នំពេញ ៖ ដោយទទួលបានការណែនាំពីឯកឧត្តម ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប) នៅយប់រំលងអាធ្រាត ឈានចូលថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នេះ មន្រ្តីនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយបានសហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានស្ទាក់ឃាត់រថយន្តដឹកគ្រឿងសមុទ្រចំនួន ០៣ គ្រឿង គឺ១គ្រឿងនៅតាមបណ្តោយផ្លូវជាតិលេខ៤ ខណ្ឌកំបូល និង២គ្រឿងទៀត នៅតាមបណ្តោយផ្លូវជាតិលេខ៣ កែងនឹងផ្លូវព្រៃវែងពងទឹក សង្កាត់ពងទឹកខណ្ឌដង្កោរាជធានីភ្នំពេញ។

ក្នុងសកម្មភាពនោះដែរ មន្ត្រីជំនាញបានត្រួតពិនិត្យបឋមទៅលើគ្រឿងសមុទ្រដែលមានផ្ទុកក្នុងរថយន្តទាំង ០៣ គ្រឿង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញបង្គាមានចាក់បញ្ចូលសារធាតុស្រដៀងចាហួយ និងក្តាម ម៉ឹកក្លាសេដែលពុំមានឯកសារច្បាស់លាស់ចំនួន ៤៤៩ កេស ស្មើនឹងចំនួនសរុប ១១ តោន។

សូមបញ្ជាក់ផងដែរ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។

តាមការបញ្ជាក់របស់អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ចដែលច្បាប់បានផ្តល់អាណត្តិឱ្យ ពាក់ព័ន្ធនឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram