នៅព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសចូលកាន់មុខតំណែងអភិបាល អភិបាលរង នៃគណៈអភិបាលខេត្តកែប….

ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែបចប់អាណត្តិ និងត្រៀមចូលកាន់តំណែងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងរបាយការណ៍ស្វាគមន៍ជូនសម្ដេចក្រឡហោម និងអង្គពិធី ស្ដីអំពីវឌ្ឍនភាពនានាក្នុងមូលដ្ឋានខេត្តទេសចរណ៍មួយនេះ ដូចជាការថែរក្សាការពារសុខ សន្តិភាព ស្ថេរភាព សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ដែលជាកត្តាបង្កលក្ខណៈអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ធ្វើឱ្យជីវភាពប្រជាពលរដ្ឋខេត្តកែបកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។

ឯកឧត្តមបន្តថាក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តកែប បានខិតខំធ្វើកំណែទម្រង់លើគ្រប់វិស័យ ដើម្បីឆ្លើយតបតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយបានដំណើរការអង្គភាពច្រកចេញចូលតែមួយបាន១០០ភាគរយ ខណៈរដ្ឋបាលឃុំសង្កាត់ទាំងអស់ក្នុងរដ្ឋបាលខេត្តកែប ក៏បាននិងកំពុងដំណើរការសាកល្បងការផ្ដល់សេវាអត្តសញ្ញាណកម្ម។

ចំណែកឯកឧត្តម សោម ពិសិដ្ឋ អតីតអភិបាលរងខេត្ត ដែលចូលកាន់មុខតំណែងជាអភិបាលខេត្តកែបនាឱកាស បានថ្លែងប្ដេជ្ញាចិត្តគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់ លិខិតបទដ្ឋានគតិយុត្តិ កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងគោលការណ៍ដឹកនាំរបស់សម្ដេចក្រឡាហោម និងថ្នាក់ដឹកនាំក្រសួងនានាឱ្យបានល្អ។

ឯកឧត្តមក៏បានសន្យាខិតខំទប់ស្កាត់លុបបំបាត់ឱ្យបាននូវបាតុភាពនានា ដែលធ្វើឱ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ ដឹកនាំការអនុវត្តច្បាប់ដោយគ្មានលើកលែង ខិតខំកសាង និងអភិវឌ្ឍន៍គ្រប់វិស័យក្នុងខេត្ត ខិតខំរក្សាសាមគ្គីភាពផ្ទៃក្នុង ពង្រឹងការផ្ដល់សេវាសាធារណៈ និងត្រៀមកិច្ចអន្តាគមន៍ជួយប្រពលរដ្ឋឱ្យបានល្អ ព្រមទាំងសំណូមពរឱ្យមានការចូលរួមសហការគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ។

បន្ទាប់មក សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរថា និងមានមតិណែនាំទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់តួអង្គក្នុងដែនដីរដ្ឋបាលខេត្តកែប ដែលបានចូលរួមសហការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩បានលទ្ធល្អប្រសើរ និងបានព្យាបាលអ្នកឆ្លងជំងឺ៤នាក់ឱ្យជាសះស្បើយ ព្រមទាំងបានទប់ស្កាត់ការចម្លងទៅកម្រិតសហគមន៍។

សម្ដេចក៏បានថ្លែងកោតសរសើរការខិតខំពុះពារជំនះការលំបាករបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល និងកងកម្លាំងនៃរដ្ឋបាលខេត្តកែប ដែលក្នុងស្ថានកូវីដ១៩ បានបន្តបំពេញកិច្ចការសាធារណៈគ្រប់វិស័យ រួមទាំងការអនុវត្តកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ការធានាថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការដោះស្រាយជីវភាពប្រជាពលរដ្ឋ និងការផ្ដល់សេវាសាធារណៈចាំបាច់ជាមូលដ្ឋានជូនប្រជាជន ធានាបាននូវក្រតីភាពនៃជីវភាពសង្គម។

ទន្ទឹមនឹងការប្រកាសចូលកាន់មុខតំណែងជាអភិបាលខេត្តកែបរបស់ឯកឧត្តម សោម ពិសិដ្ឋ និងអបអរសាទរឯឧត្តម កែន សុត្ថា ទទួលតំណែងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី សម្ដេចបានបញ្ជាក់ជូនអង្គពិធីថាការតែងតាំងលោក វ៉ៅ សុខា ពីប្រធានមន្ទីររៀបចំដែនដីខេត្ត មកជាអភិបាលរងខេត្តកែប គឺរាជរដ្ឋាភិបាលបានសម្រេចបន្ទាប់ពីមានការគាំទ្រ និងសំណើរពីមន្ត្រីថ្នាក់ដឹកនាំខេត្ត រួមទាំងប្រធានក្រុមការងារគណបក្ស និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប។

សម្ដេចបានថ្លែងកោតសរសើរឯកឧត្តម កែន សត្ថា ដែលបំរើប្រទេសជាតិ និងប្រជាជនចាប់តាំងពីក្រោយថ្ងៃរំដោះ៧មករា ពិសេសក្នុងតួនាទីអភិបាលខេត្តកែប បានដឹកនាំការងារទទួលបានសមិទ្ធផលជាបន្តបន្ទាប់ និងបានកោតសរសើរឯកឧត្តម សោម ពិសិដ្ឋ ដែលមានបទពិសោធន៍ជាអភិបាលរងខេត្ត៨ឆ្នាំរហូតក្លាយជាអភិបាលខេត្តកែបនាឱកាសនេះ ដោយសម្ដេចសង្ឃឹមថាឯកឧត្តមនឹងខិតខំបំពេញភារកិច្ចជូនជាតិ និងប្រជាជន។

ជាមួយគ្នានេះ សម្ដេចបានស្នើក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរ អង្គភាពនានា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ រដ្ឋបាលក្រុង ស្រុក និងឃុំសង្កាត់ ព្រមទាំងប្រជាពលរដ្ឋផ្ដល់ការគាំទ្រឯកឧត្តម សោម ពិសិដ្ឋ ដើម្បីបន្តរួមគ្នាថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ និងរួមគ្នាអភិវឌ្ឍន៍ខេត្តកែប ជាមួយក្រុមការងាររាជរដ្ឋាភិបាលដែលរង់ចាំផ្ដល់ការគាំទ្រគ្រប់វិស័យ។

នៅក្នុងឱកាសនៃការថ្លែងសុន្ទរថាប្រកបដោយអត្ថន័យនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចការសំខាន់ៗមួយចំនួនទៀតដែរ។ ពាក់ព័ន្ធនឹងការថែរក្សាសុខសន្តិភាព និងស្ថេរភាពនយោបាយ សម្ដេចបញ្ជាក់ថាយើងមានសន្តិភាពរឹងមាំ និងស្ថេរភាពនយោបាយល្អប្រសើរហើយ ប៉ុន្តែទន្ទឹមនឹងការរីករាលដាលជំងឺកូវីដ១៩នេះ មានអ្នកនយោបាយបែបប្រជានិយម បានយកឱកាសនេះប្រើវោហារសាស្ត្រទំលាក់ការទទួលខុសត្រូវ ឬក៏បន្ទុះបង្អាប់រាជរដ្ឋាភិបាល។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram