តារាស្រី Lee Yoo-mi បង្ហាញថា ខ្លួនមានសំណាងបំផុត ពេលបានចូលរួមសម្តែងក្នុងភាពយន្តល្បីធំៗពីរ របស់កូរ៉េ គឺ ( Squid Game )និង ( All Of Us Are Dead )
(កូរ៉េ)៖ តារាសម្តែងស្រីស្រស់សោភាពមួយរូបរបស់កូរ៉េខាងត្បូង គឺកញ្ញា Lee Yoo-mi បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា នឹងពិតជាមានសំណាងខ្លាំងណាស់ ដែលបានចូលរួមសម្តែង ក្នុងរឿងភាគកូរ៉េធំៗ ដែលផ្ទុះការគាំទ្រទូទាំងពិភពលោកចំនួនពីរ គឺ «Squid Game» និង «All Of Us Are Dead»។
ខ្សែភាពយន្តភាគ «Squid Game» រដូវកាលទី១ ដែលបញ្ចេញនៅអំឡុងខែកញ្ញា ឆ្នាំ២០២១ បានក្លាយជារឿងដែលផ្ទុះការចូលទស្សនាច្រើនបំផុតលើ Netflix ដោយនាងបានសម្តែងជា Player មួយរូបពាក់អាវលេខ ២៤០ ប៉ុន្តែបានស្លាប់ដោយសារចាញ់ហ្គេម ខណៈក្នុងរឿង «All Of Us Are Dead» ដែលបច្ចុប្បន្នកំពុងផ្ទុះការគាំទ្រខ្លាំងលើ Netflix ដែរនោះ ក៏នាងបានចូលរួមសម្តែងផងដែរ។
ថ្លែងប្រាប់សារព័ត៌មាន Yonhap នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ តារាស្រី Lee Yoo-mi បានឲ្យដឹងថា នាងគិតថា ខ្លួនឯងពិតជាមានសំណាងខ្លាំងណាស់ ដែលបានចូលរួមសម្តែងក្នុងរឿងល្បីៗជាបន្តបន្ទាប់។
គួរជម្រាបថា ទោះបីជាការចូលរួមសម្តែងក្នុងរឿងទាំងពីរខាងលើ នាងមិនមែនជាតួអង្គធំដុំក្តី តែប្រជាប្រិយភាពរបស់នាង ហាក់មានសន្ទុះយ៉ាងខ្លាំង ពោលគឺដំបូងឡើយគណនី Instagram របស់នាងមានចំនួនអ្នកតាមដានត្រឹមតែ ៤០,០០០ប៉ុណ្ណោះ តែប៉ុន្មានខែក្រោយមកស្រាប់តែមានអ្នក Follow រហូតដល់ ៧.៧លាននាក់៕



