វិស័យមីក្រូហិរញ្ញវត្ថុដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពិសេសកាត់បន្ថយភាពក្រីក្រប្រជាជនតាមតំបន់ជនបទ

(ក្រចេះ)៖ លោក ម៉ែន ភក្តី ប្រធាននាយកដ្ឋានគ្រប់គ្រងទិន្នន័យ និងវិភាគម៉ាក្រូរបស់ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីសារៈសំខាន់ នៃវិស័យមីក្រូហិរញ្ញវត្ថុ ដែលវិស័យនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា ពិសេសកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនរស់នៅតាមជនបទ។
ការលើកឡើងរបស់លោក ម៉ែន ភក្ដី ធ្វើឡើងក្នុងឱកាសធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយចំណេះស្ដីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» នៅក្នុងស្រុកសំបូរ ខេត្តក្រចេះនៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។

This image has an empty alt attribute; its file name is 1-11-1024x536.jpg


លោក ម៉ែន ភក្តី បានបញ្ជាក់ថា ទោះបីកម្ពុជាជួបការលំបាកបណ្តាលមកពី ការរីករាលដាលនៃជំងឺកូវីដ-១៩យ៉ាងណាក៏ដោយ ក៏សកម្មភាពប្រតិបត្តិការ ក្នុងវិស័យមីក្រូនៅកម្ពុជានៅតែដំណើរការ និងប្រតិបត្តិការដោយកាទទទួលខុសត្រូវខ្ពស់ជានិច្ច។ ជាក់ស្ដែងគិតត្រឹមឆ្នាំ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ និងគ្រឹះស្ថានឥណទានជន នៅតែប្រតិបត្តិការនៅទូទាំងប្រទេស។

This image has an empty alt attribute; its file name is photo_2022-02-12_09-48-06-1024x683.jpg


លោកបញ្ជាក់ថា «គិតត្រឹមដំណាច់ឆ្នាំ២០២១ ទំហំទ្រព្យសកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានឥណទានជនបទសរុបមានប្រមាណ៣៧,៣០ទ្រីលានរៀល ស្មើនឹង៩,១៦ប៊ីលានដុល្លារអាមេរិក ក្នុងនោះប្រាក់កម្ចីសរុបមានប្រមាណ៣១,៩៦ទ្រីលានរៀល ស្មើនឹង៧,៨៤ ប៊ីលានដុល្លារអាមេរិក ដោយផ្តល់ដល់អតិថិជនជាង១,៩៧លានគណនី និងគណនីប្រាក់បញ្ញើនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួនជាង ២,៥៧លានគណនី ដែលមានទំហំប្រាក់បញ្ញើសរុបប្រមាណ១៦,៨៤ទ្រីលានរៀល ស្មើនឹង៤,១៣ ប៊ីលានដុល្លារអាមេរិក»។
លោកបន្ថែមទៀតថា ដោយឡែកក្នុងអំឡុងរងការប៉ះពាល់ពីកូវីដ១៩ គ្រឹះស្ថានធគារ និងហិរញ្ញវត្ថុក៏បានរៀបចំឥណទានឡើងវិញ ដើម្បីគាំពារដល់អតិថិជនរបស់ខ្លួន។

This image has an empty alt attribute; its file name is photo_2022-02-12_09-48-49-1024x683.jpg


ក្នុងនោះផងដែរលោក សួន ពិសី ប្រធានក្លឹបប្រតិបត្តិការនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានឲ្យដឹងថា នៅឆ្នាំ២០២១ ឥណទានដែលបានរៀបចំ ឡើងវិញមានចំនួន៣៧០៧៨៥គណនី ស្មើនឹងទឹកប្រាក់៥,៤៩ប៊ីលានដុល្លា។
លោក ម៉ែន ភក្តី បានបញ្ជាក់ឲ្យដឹងថា «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ពិសេសក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅតាមតំបន់ជនបទ។
ដូចនេះទើបរាជរដ្ឋាភិបាលកម្ពុជា បានគាំទ្រដល់វិស័យនេះ តាមរយៈការកំណត់ទស្សនៈវិស័យ និងយុទ្ធសាស្រ្តតម្រង់ទិសអភិវឌ្ឍច្បាស់លាស់ ដោយអនុញ្ញាតឲ្យវិស័យនេះ មានលទ្ធភាពពង្រីកវិសាលភាពប្រតិបត្តិការរបស់ខ្លួន ប្រកបដោយនិរន្តរភាព និងទំនុកចិត្ត ព្រមទាំងបានជួយបង្កើតនូវកាលានុវត្តភាពថ្មីៗ ដល់ការអភិវឌ្ឍសេវាហិរញ្ញវត្ថុ ក្នុងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវសេវាហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព និងបរិយាបន្ន។

This image has an empty alt attribute; its file name is photo_2022-02-12_09-48-51-1024x683.jpg


លោក ម៉ែន ភក្តី បានបង្ហាញមោទនៈភាពខ្ពស់ចំពោះ វិស័យមីក្រូហិរញ្ញវត្ថុថា ទោះជួបវបត្តិកូវីដក៏ដោយវិស័យនេះ នៅតែរក្សានូវការរីកចម្រើន និងបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកស្តារ និងបន្តអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងបរិបទនៃការរស់នៅតាមគន្លងប្រក្រតីភាពថ្មី។

This image has an empty alt attribute; its file name is photo_2022-02-12_09-48-52-1024x683.jpg


លោកបន្តថា ដើម្បីពង្រឹងតួនាទីយ៉ាងសំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុ ធនាគារជាតិបានធ្វើសកម្មភាព និងយុទ្ធនាការនានាជាច្រើន ក្នុងគោលដៅលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដល់សាធារណជន ជំរុញការផ្តល់ឥណទានប្រកដោយការទទួលខុសត្រូវ និងពង្រឹងគោលការណ៍ផ្តល់កម្ចីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។ ជាមួយនេះលោកបានសំណូមពរឲ្យមានការជួយផ្សព្វផ្សាយ និងអប់រំប្រជាជនឲ្យខ្ចីប្រាក់ពីគ្រឹះស្ថានស្របច្បាប់ ព្រមទាំងប្រើប្រាស់ប្រាក់កម្ចីនោះឲ្យចំគោលដៅ និងគោរពតាមកាតព្វកិច្ចសង។
លោកបានបញ្ជាក់ថា ដោយឡែកផ្នែកពាក់ពន្ធ័គប្បីត្រូវចូលរួមទាំងអស់គ្នា ជួយពិនិត្យស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនឲ្យបានម៉ត់ចត់ មុននឹងចេញលិខិតបញ្ជាក់សម្រាប់ស្នើសុំប្រាក់កម្ចី។ លោកក៏បានស្នើសុំចំពោះអាជ្ញាធរមូលដ្ឋានឲ្យបន្តរាយការណ៍ និងចូលរួមសហការចាត់វិធានការ ចំពោះសកម្មភាពប្រមូលប្រាក់សន្សំខុសច្បាប់ ឬផ្តល់កម្ចីដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដើម្បីបានទប់ស្កាត់ទាន់ពេលវេលាកុំឲ្យប្រជាជន ក្នុងមូលដ្ឋានខ្លួនរងគ្រោះ និងជាប់បំណុលវ័ណ្ឌក ពីការកេងប្រវ័ញ្ចនានាពីក្រុមឈ្មួញក្រៅប្រពន្ធ័៕

This image has an empty alt attribute; its file name is photo_2022-02-12_09-48-54-1024x683.jpg
This image has an empty alt attribute; its file name is photo_2022-02-12_09-48-56-1024x683.jpg

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram