បុកសាហាវណាស់!!រថយន្ត toyota prius បោះពួយលឿនដូចហោះបុកម៉ូតូកង់បីឆ្លងផ្លូវក្រឡាប់នឹងខ្ទាតជិត ៣០ ម៉ែត្របណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសធ្ងន់
ភ្នំពេញ: មនុស្សប្រុសស្រីចំនួន៤ នាក់បានរងរបួសធ្ងន់ បន្ទាប់ពីជិះកង់បីឥណ្ឌាមួយគ្រឿងឆ្លងផ្លូវត្រូវរថយន្ត toyota prius បោះពួយបុកពីចំហៀងក្រឡាប់និងខ្ទាតជិត ៣០ ម៉ែត្រ ចំណែករថយន្តបង្កបានរេចង្កូតឡើងលើចិញ្ចើមផ្លូវទៅបុកកន្លែងលក់ដូរបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងទៅមុខលេងរួច។

ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ១ និង ២០ នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ១៤ ខែមករាឆ្នាំ ២០២២ នៅតាមបណ្ដោយផ្លូវ ១០០៧ កែងនិងផ្លូវ ១៩៨០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ទៀតបើករថយន្ត toyota prius មួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2BE-6802 ធ្វើដំណើរតាមបណ្ដោយផ្លូវ ១៩៨០ទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនដូចហោះលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួន បានជ្រុលទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1II-7728 បើកបរដោយបុរសម្នាក់រួមដំណើរនឹងនារីបីនាក់ទៀតជាភ្ញៀវ ធ្វើដំណើរតាមបណ្តោយផ្លូវ ១០០៧ ទិសដៅពីជើងទៅត្បូង ពីចំហៀងខាងស្ដាំម៉ូតូកង់បីឥណ្ឌា ពេញទំហឹងបណ្ដាលឲ្យក្រឡាប់និងខ្ទាតជិត ៣០ ម៉ែត្រ បណ្ដាលឱ្យអ្នកបើកបរម៉ូតូកង់បីនិងអ្នករួមដំណើររងរបួសធ្ងន់ ចំណែករថយន្តបង្កបានរេចង្កូតមកខាងស្ដាំដៃឡើងលើចិញ្ចើមផ្លូវទៅបុកកន្លែងលក់ដូរ បណ្ដាលឲ្យរងការខូចខាតុ ចំណែករថយន្តខ្ទេចផ្នែកខាងមុខទៅលែងរួច។ភ្លាមនោះគេមានរថយន្តមួយគ្រឿងមករំដោះអ្នកបើកបររថយន្តបង្កយកចេញពីកន្លែងកើតហេតុទៅបាត់។

ក្រោយកើតហេតុជនរងគ្រោះទាំង៤នាក់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែករថយន្តនិងម៉ូតូកង់បីឥណ្ឌាត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕





