អ្នកលក់ម៉ាំតាមម៉ូតូកង់បីឥណ្ឌាមួយគ្រឿងសង្ស័យស្រវឹងស្រាបើកបុកចូលផ្ទះធ្វើម៉ូតូក្រឡាប់សង្កត់លើសន្លប់ស្តូក
ភ្នំពេញ: យុវជនម្នាក់បើកម៉ូតូកង់បីឥណ្ឌា ដឹកម៉ាំលក់សង្ស័យស្រវឹងស្រាបើកបុកចូលផ្ទះធ្វើម៉ូតូមួយកន្លែងបណ្តាលឲ្យក្រឡាប់សង្កត់លើសន្លប់ស្តូក ចំណែកមុាំធ្លាក់រាយប៉ាយពេញផ្លូវ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី ០២ ខែមករាឆ្នាំ២០២២ នៅតាមបណ្ដោយផ្លូវហាណូយ ជាប់ស្ពានអាកាសផ្សារដីហុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញម៉ូតូកង់បីឥណ្ឌាដឹកមុាំលក់មួយគ្រឿងពណ៌សពាក់ស្លាកលេខភ្នំពេញ1IY-2301បើកបរដោយយុវជនម្នាក់ និងមានសំឡែងចាក់ធុងបាស់ឮៗ ដោយធ្វើដំណើរទៅដៅពីជើងទៅត្បូងក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុកផ្ទះធ្វើម៉ូតូពេញទំហឹងបណ្តាលឲ្យធ្លាក់ទូរលក់មុាំបែកធ្លាក់មុាំរាយប៉ាយចំណែកម៉ូតូកង់បីបានក្រឡាប់សង្កត់លើអ្នកបើកបរបណ្ដាលឲ្យរងរបួសសន្លប់ស្ដូកស្ដឹងត្រូវបានបងប្អូនប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុនាំគ្នាជួយលើកកង់បីយកជនរងគ្រោះលើកដាក់លើរថយន្តសង្គ្រោះបន្ទាន់បញ្ជូនបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ នឹងមានតំណាងភាគីម៉ូតូកង់បីចុះមកធ្វើការសម្រុះសម្រួលជាមួយខាងម្ចាស់ផ្ទះធ្វើម៉ូតូ ដោយភាគីខាងម៉ូតូកង់បីបានចេញសំណងចំនួន ៥ ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕




