បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ដេញតាមម៉ូតូកង់បីរបស់បុរសម្នាក់ទៀត និងបានទាស់ពាក្យសំដីឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ រហូតឈានដល់ការប្រើប្រាស់អំពើហិ.ង្សាវាយតប់គ្នា

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ជិះម៉ូតូហុងដាឌ្រីមមួយគ្រឿង ដេញតាមម៉ូតូកង់បីរបស់បុរសម្នាក់ទៀត និងបានទាស់ពាក្យសំដីឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ រហូតឈានដល់ការប្រើប្រាស់អំពើហិ.ង្សាវាយតប់គ្នា ដោយសារតែរឿងខឹងបើកលឿនខ្វះការយោគយល់គ្នា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខក្រុមហ៊ុនរថយន្ត Masda តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។


បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើកបរម៉ូតូកង់បីមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HM-4451 ដឹកភ្ញៀវពីរទៅបីនាក់ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិច ស្របពេលនោះដែរ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FC-8027 ជិះដោយបុរសម្នាក់ក្នុងទិសដៅស្របគ្នា ហើយក៏មកទន្ទឹមខាងស្ដាំម៉ូតូកង់បី ក្រោយមកម៉ូតូកង់បី និងម៉ូតូនោះ ក៏បានបើកបណ្តើរគ្នាក្នុងល្បឿនយឺតៗ ថែមទាំងមានការឈ្លោះប្រកែកគ្នារវាងអ្នកបើកបរម៉ូតូ និងម៉ូតូកង់បីថែមទៀតផង ដោយមិនដឹងថា តើមានរឿងអ្វីនោះទេ?។


ប្រភពដដែលបន្តថា លុះដល់ចំណុចកើតហេតុ បុរសជាអ្នកបើកបរម៉ូតូក៏បានយកដៃវាយកញ្ចក់មើលក្រោយចំហៀងខាងស្ដាំរបស់ម៉ូតូកង់បី បណ្ដាលឲ្យបែក ខណៈពេលនោះបុរសជាអ្នកបើកបរម៉ូតូកង់បី ក៏បានកាច់ចង្កូតម៉ូតូកង់បីទៅបុកម៉ូតូវិញ បណ្តាលឲ្យដួលរងរបួសស្រាលតែម្តង។ ហើយភ្លាមៗនោះផងដែរ ម្ចាស់ម៉ូតូក៏បានងើបស្ទុះទៅធាក់អ្នកបើកម៉ូតូកង់បី តែធាក់មិនត្រូវ ធ្វើឲ្យបុរសទាំងពីរនាក់នោះវាយតប់គ្នា រហូតភ្ញៀវភ័យរត់ចុះពីលើម៉ូតូកង់បីចាកចេញទៅបាត់ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរផ្សេងទៀត រួមជាមួយនឹងសមត្ថកិច្ចមូលដ្ឋាន ចុះមកធ្វើការអន្តរាគមន៍ភ្លាមៗតែម្តង។


បើតាមសម្តីពីអ្នកបើកបរម៉ូតូកង់បី បានរៀបរាប់ប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើកម៉ូតូកង់បីដឹកភ្ញៀវពីម្តុំផ្សារដេប៉ូ ក្នុងបំណងទៅពោធិ៍ចិនតុង។ អំឡុងពេលដែលកំពុងធ្វើដំណើរដឹកភ្ញៀវនោះ គាត់ក៏បានប្រទះឃើញអ្នកបើកបរម៉ូតូនៅចំណុចស្តុបខាងក្រោយស្ពានអាកាស៧មករា ប៉ុន្តែម៉ូតូកង់បីរបស់គាត់ និងម៉ូតូនោះមិនបានប៉ះពាល់គ្នាអ្វីនោះទេ ហើយគាត់ក៏បានបើកដឹកភ្ញៀវបន្តដំណើរជាធម្មតា ។


អ្នកបើកម៉ូតូកង់បីបន្តថា លុះរហូតបើកដល់ម្តុំផ្សារទឹកថ្លា ក៏ស្រាប់តែអ្នកបើកបរម៉ូតូនោះបានបើកម៉ូតូវ៉ា និងឆាបពីមុខម៉ូតូកង់បីរបស់គាត់ តែគាត់មិនបានចាប់អារម្មណ៍អ្វីនោះទេ ក៏នៅតែបន្តដំណើរទៅមុខជាបន្តទៀត។ លុះពេលមកដល់ម្តុំស្ពានអាកាសផ្សារដីហុយ អ្នកបើកបរម៉ូតូនោះក៏បានជិះម៉ូតូមកឆាបពីមុខម៉ូតូកង់បីរបស់គាត់ម្តងទៀត ទើបគាត់និងអ្នកបើកបរម៉ូតូនោះក៏បានទាស់ពាក្យសំដីគ្នា រហូតដល់ចំណុចកើតហេតុ អ្នកបើកបរម៉ូតូវាយកញ្ចក់មើលក្រោយម៉ូតូកង់បីរបស់គាត់បែក ទើបគាត់កាច់ចង្កូតកៀរផ្តួលម៉ូតូនោះវិញតែម្ដងទៅ។


ចំណែកឯបុរសជាអ្នកបើកបរម៉ូតូវិញ ក៏បានរៀបរាប់យ៉ាងខ្លីដែរថា មូលហេតុដែលគាត់ជិះម៉ូតូដេញតាមម៉ូតូកង់បីនោះ គឺព្រោះតែគាត់ខឹងនឹងអ្នកបើកបរម៉ូតូកង់បី បើកលឿនខ្វះការអធ្យាស្រ័យឲ្យគាត់ ខណៈពេលដែលគាត់ជិះម៉ូតូបំណងបត់ឆ្វេងឆ្លងកាត់ស្តុបខាងក្រោយស្ពានអាកាស៧មករា តែបែរជាអ្នកបើកបរម៉ូតូកង់បីនៅតែព្យាយាមបើកកាត់ពីមុខម៉ូតូរបស់គាត់ ទើបគាត់បានបត់ម៉ូតូជិះដេញតាមម៉ូតូកង់បីនោះតែម្តង ដើម្បីសួរនាំ។


ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានធ្វើការសាកសួរភាគីទាំងពីរ និងបានជួយឲ្យពួកគេធ្វើការចរចាសម្របសម្រួលគ្នាវិញ ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ បន្ទាប់មកបុរសទាំងពីរនាក់នោះ ក៏បានធ្វើការសុំទោសគ្នាទៅវិញទៅមក ដើម្បីបញ្ចប់រឿងនៅនឹកន្លែងកើតហេតុតែម្តង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram