រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ៖ប្រសិនបើចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែលបានប្រព្រឹត្តខុស នឹងទទួលមកវិញ ជាមួយនឹងការឆ្លើយតប យ៉ាងម៉ឺងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ….
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រី ក្រសួងយុត្តធម៌ ឯ.ឧ កើត រិទ្ធ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០នេះ បានព្រមាន ទុកមុន និងមិនអត់ឱនឲ្យជាដាច់ខាត ចំពោះចៅក្រម ឬព្រះរាជអាជ្ញា និងក្រឡាបញ្ជីរូបណា ដែលឆ្លៀត ឱកាស ប្រព្រឹត្តអំពើពុករលួយ ក្នុងពេលយុទ្ធនការដោះស្រាយ បញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលា ដំបូងរាជធានី-
ខេត្ត។
ក្នុងសន្និសីទសារព័ត៌មាន ក្រោយប្រកាសដាក់ចេញ នូវយុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំ រឿងនៅតុលាការនេះ ឯ.ឧ កើត រិទ្ធ បានអះអាងថា សម្រាប់ចៅក្រម ព្រះរាជអាជ្ញា ដែលប្រព្រឹត្តកំហុសវិជ្ជា ជីវៈ អាចប្រឈម នឹងការបញ្ចប់ការងារភ្លាមៗតែម្ដង ដោយឯ.ឧបានបញ្ជាក់យ៉ាងដូច្នេះថា៖ យើងមិន អនុញ្ញាតឲ្យមានករណី ត្រីងៀតឆ្លៀតពងនោះទេ មានន័យថា មិនអនុញ្ញាតឲ្យយកឱកាស នៃយុទ្ធនាការ នេះ ដើម្បីប្រព្រឹត្តអំពើខុសច្បាប់ ឬក៏ជាអំពើមួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ។ អភិក្រមការ ងារនេះយើងនឹងប្រកាន់ជំហរម៉ឺងម៉ាត់ ដូច្នេះប្រសិនបើចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី ដែលបានប្រព្រឹត្ត ខុស នឹងទទួលមកវិញ ជាមួយនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ទាំងផ្នែកផ្លូវច្បាប់ ទាំងផ្នែកវិជ្ជាជីវៈ»។
សូមជំរាបថា រហូតមកដល់ពេលនេះ សំណុំរឿងដែលកំពុងចាត់ការ នៅតាមសាលាដំបូងរាជធានី-ខេត្ត មានចំនួន៣៩១៥២ សំណុំរឿង ក្នុងនោះ(គ្រឿងញៀន មានចំនួន ៦២៦០សំណុំរឿង) និងមាន អ្នកជាប់ឃុំសរុបមានចំនួន១២៦៥១នាក់(អ្នកជាប់ឃុំ នៅក្នុងសំណុំរឿងគ្រឿងញៀនមានចំនួន ៦៩០០នាក់)។
ផ្អែកតាមទិន្នន័យ ដែលប្រមូលបាន គ្រាន់តែនៅសាលាដំបូងរាជធានីភ្នំពេញ សំណុំរឿងដែល នៅសល់មិនទាន់ចាត់ការរួចពីឆ្នាំ២០១៩ មានរហូតដល់១២០០០សំណុំរឿង ហើយសំណុំរឿង ដែលចូលថ្មី មានជាមធ្យមប្រមាណពី៧០០រឿង ទៅ៩០០រឿង ក្នុងមួយខែ ដែលបានធ្វើឲ្យ សាលាដំបូង រាជធានីភ្នំពេញ ក្នុងស្ថានភាពបច្ចុប្បន្ន មិនអាចឆ្លើយតបដោះ ស្រាយបញ្ហាប្រឈមនេះ បានដោយខ្លួន ឯងនោះទេ៕



