លោក ចូ បៃដិន ប្រកាសអាសន្នសម្រាប់រដ្ឋ Mississippi ដែលរងការវាយលុកយ៉ាងដំណំពីព្យុះថូណេដូ ខណៈចំនួនមនុស្សស្លាប់កើនដល់ ២៦នាក់ …

(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានយល់ព្រមឱ្យមានការប្រកាសភាពអាសន្ន សម្រាប់រដ្ឋមីស៉ីស៉ីពី (Mississippi) នៅថ្ងៃអាទិត្យនេះ ក្រោយពីព្យុះថូណេដូកំណាចមួយ បានវាយលុកយ៉ាងធ្ងន់ធ្ងរទៅលើរដ្ឋមួយនេះ ដោយផ្តាច់ជីវិតមនុស្សយ៉ាងហោចណាស់ ២៥នាក់នៅទីនោះ ព្រមទាំងម្នាក់ទៀតនៅរដ្ឋអាឡាបាម៉ា (Alabama)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន នៅថ្ងៃអាទិត្យ ទី២៦ ខែមីនា ឆ្នាំ២០២៣។
សេតវិមានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា លោកប្រធានាធិបតីអាមេរិក បានបង្គាប់ឱ្យបញ្ចេញជំនួយសហព័ន្ធ ដើម្បីជួយបំពេញបន្ថែមដល់ កិច្ចប្រឹងប្រែងរបស់អាជ្ញាធររដ្ឋ Mississippi ក៏ដូចជាអាជ្ញាធរនៅតាមមូលដ្ឋាន នៃតំបន់ដែលបានទទួលរងការប៉ះពាល់។ សេតវិមានបានគូសបញ្ជាក់ថា ជំនួយនឹងបានដល់ជនរងគ្រោះទាំងឡាយ ដែលស្ថិតនៅក្នុងតំបន់ខារ៉ូល (Caroll), ហាមហ្វ្រេ (Hamphreys), ម៉ុនរ៉ូ (Monroe), និងសាកគី (Sharkey) ជាដើម។
គួរបញ្ជាក់ថា ខ្យល់ព្យុះថូណេដូ បានបោកបក់យ៉ាងកំរោលកាត់រដ្ឋ Mississippi កាលពីវេលាយប់ថ្ងៃសុក្រសប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) ហើយក្រៅពីឆក់យកជីវិតមនុស្ស វាក៏បានបំផ្លាញអគាររាប់រយខ្នង និងបន្សល់ទុកដាននៃការបំផ្លិចបំផ្លាញរបស់វា នៅពាសពេញរដ្ឋអាមេរិកមួយនេះផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram