តាកែវ៖ កំលាំងអាវុធហត្ថតាកែវ ចុះបង្រ្កាបដំណាំកញ្ឆាបានជាង ៤ពាន់ដើម និងដកហូតកញ្ឆាក្រៀមជាង ១០០គីឡូក្រាម នៅស្រុកគិរីវង់
យោងតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានឲ្យដឹងថា ដោយមានការសម្របសម្រួលនីតិវិធីដោយ លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ និងមានការសហការណ៍ជាមួយ លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ កំលាំងនៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តតាកែវ បានចុះបង្រ្កាប និងកាប់ដុតកម្ទេច ចោលដំណាំកញ្ឆាបាន ៤ទីតាំង មានចំនួន ៣៣៥០ដើម អាងទឹក ៥ រោងស្នាក់នៅ ២កន្លែងធំៗ និងបានរឹបអូសកញ្ឆាក្រៀមចំនួន ៩៨គីឡូក្រាម ស្មើនឹង ១៥បាវ រថយន្តហាយឡែនឌ័រ ១គ្រឿង និងឃាត់ខ្លួនអ្នកចាំចំការម្នាក់មានឈ្មោះ ធីម ណា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបបរមិនពិតប្រាកដ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។គូសបញ្ជាក់ថា តំបន់ជួរភ្នំបាយ៉ង់កោ ដែលស្ថិតនៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ គឺជាទីតាំងដាំដំណាំកញ្ឆាខុសច្បាប់ ដុះស្លែរាប់សិបឆ្នាំមកហើយ ហើយបើទោះបីជាសមត្ថកិច្ចប្រឹងប្រែងបង្រ្កាបយ៉ាងណា ក៏ជនខិលខូចនៅតែបន្តលួចដាំដោយនាំទៅលក់នៅប្រទេសវៀតណាម ដោយកញ្ឆក្រៀមមួយគីឡូលក់បានក្នុងតម្លៃប្រមាណជាង ៥០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានកំលាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕






