អ្នកចាត់ការក្លិប Arsenal ទាមទារឲ្យមានការបញ្ជាក់ច្បាស់លាស់ លើការពន្យារពេលប្រកួតដោយសារកូវីដ-១៩

(ឡុងដ៍)៖ អ្នកចាត់ការក្លិប Arsenal លោក Mikel Arteta បានស្នើសុំឲ្យ Premier League ផ្តល់ការបញ្ជាក់ឲ្យបានច្បាស់លាស់ លើការប្រកួតដែលត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩។ លោកបានប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រថា តម្លាភាពគឺចាំបាច់ ដើម្បីរក្សាបាននូវភាពយុត្តិធម៌។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១។


Premier League បានពន្យារពេលការប្រកួតចំនួន៥ ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅតាមបណ្តាក្លិបជាច្រើន។ យ៉ាងណាមិញដំណើររបស់ក្លិប Arsenal ទៅជួបក្រុម Leeds United នៅថ្ងៃសៅរ៍ស្អែកនេះ គឺគ្រោងនឹងធ្វើឡើងតាមការគ្រោងទុក។
«ពិតណាស់ សុខភាពគឺជាភាពចាំបាច់ ខ្ញុំសង្ឃឹមថា យើងកំពុងធ្វើគ្រប់យ៉ាង តាមដែលអាចធ្វើទៅបាន ដើម្បីការពារអ្នកគ្រប់គ្នា។ ប៉ុន្តែ យើងត្រូវការការបញ្ជាក់ឲ្យបានច្បាស់លាស់ទៅលើអ្វីដែលការប្រកួតទាំងនោះ មិនអាចធ្វើទៅបាន ហើយអ្វីដែលអ្នកចាំបាច់ ដើម្បីមិនឲ្យការប្រកួតនោះធ្វើឡើង ដូច្នេះអ្នកអាចរក្សាបាននូវភាពយុត្តិធម៌ សម្រាប់ការប្រកួត» នេះបើតាមសម្តីលោក Arteta បានលើកឡើង។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបានលើកឡើងដែរថា ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលត្រូវបានដកចេញពីតួនាទីប្រធានក្រុម ក្នុងសប្តាហ៍នេះ បន្ទាប់ពីបំពានវិន័យនោះមិនអាចជ្រើសរើស សម្រាប់ការប្រកួតតទល់នឹងក្រុម Leeds United ដែលដឹកនាំដោយអ្នកចាត់ការ Marcelo Bielsa នោះទេ។
កីឡាករលំដាប់អន្តរជាតិសញ្ជាតិហ្គាបុងរូបនេះ ក៏បានខកខានការប្រកួតលីគពាក់កណ្តាលសប្តាហ៍ ដែលបានឈ្នះលើក្រុម West Ham United ផងដែរ, ជាជ័យជំនះលើកទី២ជាប់គ្នា ដែលបានជួយឲ្យ Arsenal ឡើងទៅកាន់ក្រុមកំពូលតារាងទាំង៤ មាន ១៣ពិន្ទុក្នុងដៃនាំមុខក្រុម Leeds United ដែលឈរនៅលេខរៀងទី១៦៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram